ព្រឹត្តិការណ៍ GX Summit 2026 បើកទំព័រសហប្រតិបត្តិការថ្មី រុញច្រានកេរ្តិ៍ឈ្មោះ និងសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍លំដាប់ពិភពលោក «GX Summit 2026» ដោយមានការចូលរួមពីលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុនទេសចរណ៍ G Adventures ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ប្រធានសមាគម CATA និងប្រតិភូអន្តរជាតិមកពីគ្រប់ទ្វីបសរុបជាង ៧០០រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍អន្តរជាតិនេះបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា តាមរយៈការលើកកម្ពស់កិត្តិនាមជាតិ បង្ហាញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃសន្តិភាព និងស្ថិរភាព ព្រមទាំងបានបង្កើតចំណូល និងជំរុញសេដ្ឋកិច្ចដោយផ្ទាល់ដល់សណ្ឋាគារ ភោជនីយដ្ឋាន និងសហគមន៍មូលដ្ឋាន។

ជាមួយគ្នានេះ លោក Bruce Poon Tip ស្ថាបនិក G Adventures បានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការផ្សព្វផ្សាយពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងសក្តានុពលរបស់កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងបន្តនាំយកភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា និងជួយគាំទ្រសហគមន៍មូលដ្ឋានជាបន្តបន្ទាប់។

ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរឹងមាំ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៣ រួមមាន៖ ១- លើកកម្ពស់ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការស្តារឡើងវិញ, ២- វិនិយោគលើភាពធន់ នវានុវត្តន៍ និងធនធានមនុស្ស (ប្រើប្រាស់បច្ចេកវិទ្យា និង AI), និង ៣- ពង្រឹងភាពជាដៃគូរយៈពេលវែងជាមួយក្រុមហ៊ុន G Adventures និងដៃគូអន្តរជាតិ។ ជាចុងក្រោយ ឯកឧត្តមបានអំពាវនាវដល់ប្រតិភូអន្តរជាតិទាំងអស់ ឱ្យរួមចំណែកផ្សព្វផ្សាយពីភាពពិតជាក់ស្តែងរបស់កម្ពុជា ដែលជាទឹកដីពោរពេញដោយសន្តិភាព សុវត្ថិភាព បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងសម្បត្តិវប្បធម៌-ធម្មជាតិដ៏សម្បូរបែប៕