កម្ពុជាបង្ហាញចក្ខុវិស័យលើវេទិកា UN ផ្លាស់ប្តូរពីការពឹងផ្អែកលើជំនួយ ទៅជាការវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

លោក អ៊ិន តារា អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងអំឡុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ក្រោមប្រធានបទ «ការផ្តល់ហិរញ្ញប្បទានសម្រាប់អនាគត៖ ភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីវិនិយោគលើការអភិវឌ្ឍ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចេញផ្សាយរបស់ក្រសួងការបរទេស នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍នាឱកាសនោះ លោក អ៊ិន តារា បានគូសបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទានសម្រាប់អនាគត ទាមទារឱ្យមានច្រើនជាងការប្រមូលធនធានហិរញ្ញវត្ថុ ពោលគឺទាមទារចាំបាច់នូវការកសាងទំនុកចិត្តក្នុងការវិនិយោគ។

លោកបានលើកឡើងថា ស្ថាប័នរឹងមាំ បទប្បញ្ញត្តិច្បាស់លាស់ គោលនយោបាយដែលអាចព្យាករណ៍ទុកជាមុនបាន និងភាពជាដៃគូប្រកបដោយទំនុកចិត្ត គឺជាកាតាលីករដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងបើកផ្លូវទាក់ទាញការវិនិយោគពីវិស័យឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ លោក អ៊ិន តារា បានសង្កត់ធ្ងន់ថា ហិរញ្ញវត្ថុសាធារណៈ និងឯកជន មិនមែនជាជម្រើសជំនួសគ្នាទៅវិញទៅមកនោះឡើយ ប៉ុន្តែគឺជាដៃគូដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍ។

លោកអនុរដ្ឋលេខាធិការ បានបន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងប្រែក្លាយចក្ខុវិស័យនេះឱ្យទៅជាសកម្មភាពជាក់ស្តែង តាមរយៈការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការជំរុញហិរញ្ញវត្ថុបៃតង និងការខិតខំប្រមូលធនធានក្នុងស្រុក។ ជាពិសេស ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ខាងមុខនេះ កម្ពុជាបានកំណត់នូវមហិច្ឆតាយ៉ាងច្បាស់លាស់មួយ គឺការផ្លាស់ប្តូរទិសដៅពីការពឹងផ្អែកលើជំនួយ ទៅជាការវិនិយោគ, ពីភាពអាស្រ័យលើគេ ទៅជាភាពធន់ និងពីការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍធម្មតា ទៅជាការផ្តល់ហិរញ្ញប្បទានសម្រាប់ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រយូរអង្វែង៕