រដូវកាលបុណ្យភ្ជុំបិណ្ឌ! ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវផ្អាកការចាប់ផាកពិន័យបទល្មើសចរាចរណ៍មួយចំនួននៅលើដងផ្លូវ។ នៅក្នុងចំណោមបទល្មើស ចរាចរណ៍ដែលតម្រូវឲ្យផ្អាកនោះ រួមមានទាំងការចាប់ល្បឿនហួសកំណត់ ដែលនៅលើបណ្តាញសង្គម តែងតែឃើញបងប្អូនបានចែកចាយជាច្រើន។

លោក ទូច សុខ: អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រោយពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង និងជំនាញ, អភិសន្តិបណ្ឌិត ស សុខា បានណែនាំឲ្យផ្អាកបណ្តោះអាសន្នចំពោះការចាប់ផាកពិន័យបទល្មើសចរាចរណ៍លើដងផ្លូវមួយចំនួន ពោលទុកតែ ២បទល្មើសប៉ុណ្ណោះ ដែលនគរបាលចរាចរណ៍នៅបន្តចាប់ផាក គឺបើកបញ្ច្រាស់ទិសចរាចរណ៍ និងការរំលោភភ្លើងសញ្ញាចរាចរណ៍។
ទោះពីយ៉ាងណា លោក ទូច សុឃៈ បញ្ជាក់ថា យើងក៏មិនផ្តល់ឱកាស ឬបណ្តែតបណ្តោយបងប្អូនដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងប្រើប្រាស់ផ្លូវមិនយកចិត្តទុកដាក់ ឬមិនគិតអំពីសុវត្ថិភាពខ្លួនឯង សុវត្ថិភាពអ្នកធ្វើដំណើរតាមដងផ្លូវ និងសុវត្ថិភាពសាធារណជនទូទៅនោះទេ។ ថ្នាក់ដឹកនាំនៅតែជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវ និងប្រជាពលរដ្ឋទាំងអស់គោរពឱ្យបានម៉ត់ចត់ចំពោះច្បាប់ និងប្រកាន់ឱ្យបាននូវសីលធម៌ក្នុងការបើកបរ ជាពិសេសត្រូវមានការយោគយល់ខ្ពស់ក្នុងការធ្វើដំណើរលើដងផ្លូវ។
លោក ទូច សុឃៈ ក៏បានទទូចបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ នៅពេលមកដល់ទីតាំងផ្លូវដែលមានសកម្មចរាចរណ៍មញាញឹក ទីប្រជុំជន តាមផ្សារ ជាពិសេសនៅតាមមុខវត្តអារាមនីមួយៗ សូមមេត្តាអត់ធ្មត់ដោយបន្ថយល្បឿន រង់ចាំជាជួរ លំដាបលំដោយចៀសវាងការជ្រែឆ្វេង ស្តាំដែលនាំឱ្យចរាចរណ៍ស្ទះជាដើម។
លោក ទូច សុឃៈ បានរម្លឹកថា សូមកុំទៅកាន់គន្លងផ្លូវទិសដៅ ដែលមានយានយន្តផ្សេងទៀតមកនៅពីមុខ ការគោរពផ្លូវអាទិភាព និងគោរពគ្នានៅលើដងផ្លូវនេះ គឺជាកត្តាមួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះចរាចរណ៍នៅលើដងផ្លូវជាដើម៕

