ថ្ងៃទី១ នៃការដាក់លក់ដីឡូត៍ និងការបង់ផ្ដាច់របស់អតិថិជនបង់រំលស់ នៃគម្រោងដីឡូត៍ ឡេង ណាវ៉ាត្រា ទី១ ដែលមានទីតាំងស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយបានទទួលថវិកាចំនួន ៤៩៦ ៥៨២,៤០ដុល្លារ ចូលគណនីក្រសួងរៀបចំដែនដីនៅធនាគារកាណាឌីយ៉ា។ នេះបើតាមការប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។

ក្រសួងបានបញ្ជាក់ថា ថវិកានេះក្រសួងនឹងយកទៅទ្រទ្រង់ដល់ដំណើរការសាងសង់ផ្ទះ និងការចាក់បំពេញដីឡូត៍បង្គ្រប់ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសតាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ថាក្រុមហ៊ុននឹងដំណើរការលក់ដីឡៃឡុងបញ្ចុះតម្លៃរហូតដល់ ៧៥ភាគរយ ដែលមានតម្លៃចាប់ពី ៩៥០ដុល្លារ សម្រាប់គម្រោងដំណាក់កាលទី១ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការប្រកាសនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលបានសម្រុកអញ្ជើញមកផ្ទាល់យ៉ាងច្រើនកុះករ ដើម្បីពិនិត្យមើលទីតាំង សួរនាំព័ត៌មាន និងធ្វើការកក់ទិញដីឡូតិ៍នៅនឹងកន្លែងតែម្ដង។
ដើម្បីធានាបាននូវភាពងាយស្រួល ភាពច្បាស់លាស់ និងតម្លាភាពជូនអតិថិជនទាំងអស់ ក្រុមការងារសម្របសម្រួលបានរៀបចំឯកសារនិងទិន្នន័យយ៉ាងហ្មត់ចត់ ដោយមានកិច្ចសហការផ្ទាល់ជាមួយមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រចាំការនៅទីតាំងផ្ទាល់។ ក្រៅពីនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់ ក៏បានអញ្ជើញចុះដល់ទីតាំងផ្ទាល់ដើម្បីផ្តល់ព័ត៌មាន និងផ្តិតមេដៃរៀបចំឯកសារផ្ទេរកម្មសិទ្ធិជូនអតិថិជន ជាមួយក្រុមការងារក្រសួងរៀបចំដែនដីផងដែរ ដែលការណ៍នេះបានបង្កើននូវទំនុកចិត្តយ៉ាងខ្លាំងដល់អតិថិជនទាំងអស់។ តាមរយៈកិច្ចសហការនេះ អតិថិជនអាចបង់ប្រាក់ចូលគណនីក្រសួងផ្ទាល់ ដើម្បីបន្តនីតិវិធីផ្ទេរសិទ្ធិកាន់កាប់ស្របច្បាប់យ៉ាងឆាប់រហ័សនិងមានសុវត្ថិភាព។
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ចង់ទទួលបានព័ត៌មានលម្អិត ឬចុះឈ្មោះទិញដីឡៃឡុងនេះ អាចទាក់ទងមកកាន់ក្រុមការងារតាមរយៈលេខទូរសព្ទ ០៩៦ ៩៧៣ ០៩២១, ០៨៨ ៩១៥ ១២៧៩, ០៧៨ ៩៧១ ៨១៩ ឬតាមរយៈតេឡេក្រាម (Telegram) ផ្លូវការ https://t.me/SR078971819។










