កូរ៉េខាងត្បូង ទាមទារឲ្យអ៊ុយក្រែនចេញមុខសុំទោស ជុំវិញការទម្លាយព័ត៌មានសំងាត់រឿងប្រគល់ឈ្លើយសឹកកូរ៉េខាងជើង

អន្តរជាតិ

ប្រទេសកូរ៉េខាងត្បូងកំពុងទាមទារឲ្យមានការសុំទោសពីប្រទេសអ៊ុយក្រែន ចំពោះការទម្លាយព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងការបញ្ជូនអ្នកទោសសង្គ្រាមកូរ៉េខាងជើងទៅកាន់កូរ៉េខាងត្បូង ហើយថែមទាំងបានបំពានទៅលើកិច្ចព្រមព្រៀងរក្សាការសម្ងាត់រវាងប្រទេសទាំងពីរផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Seong Ghi-hong លេខាធិការជាន់ខ្ពស់ទទួលបន្ទុកកិច្ចការទំនាក់ទំនងសាធារណៈរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានថ្លែងនៅថ្ងៃទី២៧ ខែកញ្ញា ថា៖”ហេតុការណ៍ដែលអ៊ុយក្រែនបានបំពានកិច្ចព្រមព្រៀងរក្សាការសម្ងាត់រវាងប្រទេសទាំងពីរ ហើយបានទម្លាយព័ត៌មានដោយឯកតោភាគី គឺជាបញ្ហាធ្ងន់ធ្ងរខ្លាំងណាស់”។

យ៉ាងណាមិញ មន្ត្រីរូបនេះបានសម្តៅទៅលើការថ្លែងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីសប្តាហ៍មុននៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា ទីក្រុងកៀវបានប្រគល់អ្នកទោសសង្គ្រាមកូរ៉េខាងជើងចំនួន ២ នាក់ឱ្យទៅកូរ៉េខាងត្បូង ដោយលោកបានបន្ថែមថា ការចាប់ខ្លួនពួកគេទាំងនៅរស់គឺ “មិនមែនជារឿងងាយស្រួលនោះទេ”។

ទន្ទឹមនឹងនេះ​ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee ក៏បានថ្លែងនៅពេលក្រោយមកថា៖ “ខ្ញុំមិនដឹងថាហេតុអ្វីបានជាភាគីអ៊ុយក្រែនបំពានកិច្ចព្រមព្រៀងនេះឡើយ ហើយធ្វើឱ្យរឿងនេះក្លាយជាការផ្សព្វផ្សាយជាសាធារណៈនោះទេ ប៉ុន្តែវាជារឿងខកចិត្តយ៉ាងខ្លាំងណាស់”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជាការឆ្លើយតបទៅនឹងការថ្លែងនេះ លោក Dmytro Lytvyn ជំនួយការរបស់ប្រធានាធិបតី Zelensky បានប្រាប់អ្នកយកព័ត៌មានថា អ៊ុយក្រែនគឺជាប្រទេសបើកចំហ ហើយការប្រគល់អ្នកទោសដោយសម្ងាត់ជារឿងចម្លែក។ លោកបានបន្តទៀតថា៖”យើងគ្រាន់តែថ្លែងពីការពិតដែលថា ពួកគេត្រូវបានបញ្ជូនទៅកាន់ប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ”។

លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ដោយផ្អែកលើប្រភពពីការិយាល័យប្រធានាធិបតី ក៏បានបដិសេធទៀតថា ទីក្រុងសេអ៊ូល និងទីក្រុងកៀវ មិនដែលមានកិច្ចព្រមព្រៀងរក្សាការសម្ងាត់អ្វីជាមួយគ្នានោះឡើយ៕​