លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដឹកនាំកិច្ចប្រជុំត្រីភាគីលើកទី៤ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងកាបូប សម្រាប់ឆ្នាំ២០២៧។

ក្រសួងការងារបានឱ្យដឹងថា ក្នុងកិច្ចប្រជុំបញ្ជាក់ជំហរចុងក្រោយនេះ ភាគីទាំងពីរបានបង្ហាញតួលេខស្នើសុំរៀងៗខ្លួន ដោយភាគីកម្មករនិយោជិត ស្នើដំឡើងចំនួន ១៥ ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលឡើងដល់ ២២៥ ដុល្លារអាមេរិក ក្នុងមួយខែ។ ចំណែកភាគីនិយោជក ស្នើ រក្សាតួលេខ ២១០ ដុល្លារអាមេរិកដដែល រួមជាមួយប្រាក់ឧបត្ថម្ភសោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ២,៥ ដុល្លារបន្ថែម ដើម្បីរក្សាភាពប្រកួតប្រជែង និងស្ថិរភាពការងារ។
សូមបញ្ជាក់ថា បន្ទាប់ពីកិច្ចពិភាក្សាសរុបចំនួន ១៤លើក ទាំងទ្វេភាគី ត្រីភាគី និងផ្ទៃក្នុង អង្គប្រជុំបានឯកភាពកំណត់យក ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ដើម្បីបើកកិច្ចប្រជុំត្រីភាគីចុងក្រោយ និង បោះឆ្នោតជាផ្លូវការ សម្រេចលើតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ជូនបងប្អូនកម្មករនិយោជិត៕






