កម្ពុជា-បង់ក្លាដែស ប្តេជ្ញារួមគ្នាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៩ បន្ថែមទៀត ដើម្បីលើកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើកទីមួយការបរទេស – The 1st FOC (The First Foreign Office Consultation) រវាងកម្ពុជា-បង់ក្លាដែស ក្រោមអធិបតីភាព លោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន និង លោក Md. Nazrul Islam លេខាធិការ និងជាអគ្គអធិការកិច្ច នៃក្រសួងការបរទេសបង់ក្លាដែស ជាសហប្រធាន កាលទី២៣ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងដែរ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីទំនាក់ទំនងនយោបាយទ្វេភាគី និងការអភិវឌ្ឍនៃប្រទេសទាំងពីរ។
លើសពីនេះ កម្ពុជា និងបង់ក្លាដេស ក៏បានប្តេជ្ញារួមគ្នា ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ កសិកម្ម ការតភ្ជាប់ ទេសចរណ៍ សុខាភិបាល ការអប់រំ និងការការពារជាតិ, និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានសក្កានុពលបន្ថែមទៀតរវាងប្រទេសទាំងពីរផងដែរ៕អត្ថបទ៖ហ្សាលីន



