ធនាគារជាតិនៃកម្ពុជា (NBC) សហការជាមួយ ស្ថាប័នបណ្ដាញបច្ចេកវិទ្យា និងហិរញ្ញវត្ថុសកល (GFTN) នឹងរៀបចំវេទិកាលំដាប់អន្តរជាតិ Black Swan Summit Cambodia 2026 នៅកម្ពុជា ជាលើកដំបូង នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ អមជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា វេទិកា Black Swan Summit Cambodia 2026 នេះក៏មានការសហការគាំទ្រពីសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា (CAFT) ផងដែរ។
ព្រឹត្តិការណ៍នេះនឹងផ្តល់វេទិកាសម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់ ការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាតុមូល សំដៅស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងការពង្រឹងទំនាក់ទំនងផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង៕

