Anthropic ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី Claude ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនធ្វើការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយក៏ជាការសាកល្បងលើការចាប់អារម្មណ៍របស់វិនិយោគិនចំពោះបច្ចេកវិទ្យា AI ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី២៩ ខែកញ្ញា យោងតាមឯកសារមួយរបស់ Anthropic បានរាយការណ៍ថា ក្រុមហ៊ុន AI ខ្នាតយក្សមួយនេះទទួលបានការកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយចំណូលបានកើនឡើង ១២ ដង រហូតដល់ ៤,៦ពាន់លានដុល្លារ។ តែទោះជាយ៉ាងណាក៏ដោយ ការខាតបង់លើប្រតិបត្តិការក៏មានចំនួនលើសពី ៨ពាន់លានដុល្លារផងដែរ។
យ៉ាងណាមិញ ដើម្បីដោះស្រាយការខាតបង់នេះ កាលពីដើមខែមិថុនា ក្រុមហ៊ុនមេរបស់កម្មវិធី Claude មួយនេះបានប្រកាសថា ខ្លួនបានដាក់ពាក្យសុំបោះផ្សាយលក់ IPO ដោយសម្ងាត់។ ហើយបើតាមប្រភពព័ត៌មានពី Reuters បានឱ្យដឹងថា Anthropic អាចនឹងមានតម្លៃមូលធនទីផ្សារកើនឡើងរហូតដល់ ២ទ្រីលានដុល្លារ ដែលជាតួលេខកើនឡើងទ្វេដងបើធៀបនឹងការប៉ាន់ប្រមាណកាលពីខែឧសភា។
Anthropic មានគម្រោងប្រមូលដើមទុនរហូតដល់ ១០០ពាន់លានដុល្លារពីការបោះផ្សាយលក់ IPO នេះ។ តែទោះជាយ៉ាងណាក៏ដោយ ការធ្វើ IPO អាចនឹងត្រូវពន្យារពេលរហូតដល់ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកដែលគ្រោងនឹងរៀបចំធ្វើឡើងនៅខែវិច្ឆិកាខាងមុខ។
ជម្រាបជូនថា Anthropic ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០២១ ដោយក្រុមអ្នកដឹកនាំ និងអ្នកស្រាវជ្រាវដែលធ្លាប់ធ្វើការនៅ OpenAI។ ពួកគេបានដាក់ឲ្យដំណើរការម៉ូឌែលភាសា AI ខ្នាតធំដំបូងរបស់ខ្លួននៅខែមីនា ឆ្នាំ២០២៣ ដើម្បីប្រកួតប្រជែងផ្ទាល់ជាមួយ OpenAI តែម្តង។ ក្រុមហ៊ុននេះក៏ប្រកួតប្រជែងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ AI ជាមួយ xAI របស់ SpaceX, Google របស់ Alphabet និង Meta ផងដែរ៕

