ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមាន ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈសហគ្រិនខ្មែរ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញអង្ករ ចំនួន ១២ ក្រុមហ៊ុន ចូលរួមតាំងបង្ហាញផលិតផលអង្ករកម្ពុជា ដែលមានគុណភាពខ្ពស់ និងធ្លាប់បានឈ្នះនូវពានរង្វាន់អង្ករ ល្អបំផុតលើពិភពលោក ក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL PARIS 2026 ដែលនឹងគ្រោងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ SIAL PARIS 2026 នេះ គឺជាលើកទី៣ សម្រាប់សហព័ន្ធស្រូវអង្ករកម្ពុជា បន្ទាប់ពីការចូលរួមលើកទី២ ក្នុងឆ្នាំ២០២៤ និងលើកទី១ ក្នុងឆ្នាំ២០១៤។ សម្រាប់ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍លើកនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំ ក៏ដូចជាសម្របសម្រួលការចូលរួមដល់វិស័យឯកជន ដោយមានការរៀបចំតាំងបង្ហាញ នូវផលិតផលរបស់ក្រុមហ៊ុននាំចេញអង្ករកម្ពុជាជាក្រុមរួមគ្នា ក្រោមពន្លារួមនៃទង់ជាតិកម្ពុជាដ៏ស្រស់ស្អាតមួយ ដែលមាន ទំហំ ៩៦ ម៉ែត្រការ៉េ។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា គោលបំណងនៃការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ SIAL PARIS 2026 នេះ គឺដើម្បីផ្សព្វផ្សាយអំពីអង្ករ ក៏ដូចជា ផលិតផលធ្វើពីអង្ករ ដែលមានគុណភាព និងស្តង់ដាររបស់កម្ពុជា ជំរុញការនាំចេញដែលស្របទៅតាមគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា និងធ្វើពិពិធកម្មទីផ្សារ ក្នុងការបង្កើនឱកាស និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញនៃទីផ្សារអន្តរជាតិ ជាពិសេសអ្នកទិញនៅផ្សារអឺរ៉ុប។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ SIAL PARIS 2026 គឺជាពិព័រណ៍ម្ហូបអាហារដ៏ធំបំផុតមួយនៅលើពិភពលោក ដែលប្រមូល ផ្តុំអ្នកតាំងពិព័រណ៍ជាង ៨០០០ ក្រុមហ៊ុន និងអ្នកជំនាញក្នុងវិស័យម្ហូបអាហារប្រមាណ ២៨៥ ០០០ នាក់។ លើសពីនេះ ព្រឹត្តិការណ៍នេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ការបង្ហាញនូវនវានុវត្តន៍ម្ហូបអាហារថ្មីៗ ការបង្កើតភាពជាដៃគូអាជីវកម្ម និងការស្វែងយល់អំពីនិន្នាការទីផ្សារ។ SIAL PARIS 2026 ត្រូវបានរៀបចំឡើងជារៀងរាល់ពីរឆ្នាំម្តង និងសម្រាប់ឆ្នាំ២០២៦ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងនៅក្នុងតំបន់ Paris Nord Villepinte នាទីក្រុងប៉ារីស ប្រទេសបារាំង។ សម្រាប់ពន្លា សហព័ន្ធស្រូវអង្ករកម្ពុជា មានទីតាំងស្ថិតនៅស្តង់លេខ C006 អាគារលេខ ៨។






