កម្ពុជា-ចិន គ្រោងសហការគ្នាវិនិយោគលើវិស័យថាមពលហ្គាសក្នុងតម្លៃ៣.០០០លានដុល្លារ នាពេលខាងមុខ

សង្គម​និង​សេដ្ឋកិច្ច

តំណាងក្រុមហ៊ុន CMEC ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិន បានលើកបង្ហាញពីគម្រោងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣.០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយលោក វ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានថែ្លងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុន CMEC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានធ្វើការវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា ។

លោកបានឱ្យដឹងថា៖« ក្នុងរយៈពេល ១០ ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស»។

មួយវិញទៀត ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CMEC រូបនេះ ក៏បានថ្លែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយលោកក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាពិតជានឹងមានការរីកលូតលាស់ជឿនលឿនថែមទៀត ហើយដែលនេះក៏ជាកត្តាទាក់ទាញគួរជាទីទុកចិត្តសម្រាប់ពង្រីកការវិនិយោគនៅកម្ពុជា ។

ជាការឆ្លើយតបវិញ សម្តេចធិបតី បានសម្តែងនូវក្តីរីករាយសាទរចំពោះជោគជ័យរបស់ក្រុមហ៊ុន CMEC លើការវិនិយោគក្នុងប្រទេសកម្ពុជា ហើយជាមួយគ្នានេះ សម្តេចធិបតី ក៏បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន CMEC ដោយនេះ គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ ។

សូមបញ្ជាក់ដែរថា ការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3′ BRF) របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺនឹងប្រព្រឹត្តពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង។ តាមរយៈវេទិកាខ្សែក្រវាត់និងផ្លូវនេះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។

ជាងនេះ អំឡុងពេលចូលរួមវេទិកានេះ ក្រៅពីជួបបណ្តាអ្នកវិនិយោគនានា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងជួបពិភាក្សាជាមួយ លោកប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិ ការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជន បរទេសដទៃទៀតផងដែរ៕ អត្ថបទ៖ ពិសី