លោក ឌិត ទីណា លើកទឹកចិត្តសភាពាណិជ្ជកម្មកូរ៉េសំឡឹងមើលការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីកសិកម្មកម្ពុជា លោក ឌិត ទីណា បានលើកទឹកចិត្តដល់សភាពាណិជ្ជកម្ម និងតំណាងធុរកិច្ចកូរ៉េ ឱ្យសំឡឹងមើលសក្តានុពលកសិកម្មកម្ពុជា ដើម្បីវិនិយោគកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបការងាររវាងលោក ឌិត ទីណា ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងតំណាងធុរកិច្ចកូរ៉េ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីកសិកម្មកម្ពុជា បានលើកឡើងអំពីការវិនិយោគលើកសិផលមានសក្ដានុពលខ្ពស់មួយចំនួនរបស់កម្ពុជាមានដូចជា ស្វាយ ចេក និងស្វាយចន្ទី ដែលទាមទារការវិនិយោគកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈប្រទេសកូរ៉េមានបទពិសោធន៍លើការងារនេះស្រាប់ នឹងទទួលបានតម្លៃបន្ថែមខ្ពស់ ទទួលបានផលចំណេញទាំងអស់គ្នា។

ជុំវិញវិស័យកសិកម្មនេះដែរ លោក ឌិត ទីណា ក៏បានលើកទឹកចិត្តឱ្យភាគីកូរ៉េសិក្សាពីការវិនិយោគលើផលិតកម្មនៅកម្ពុជា ទាក់ទងនឹងជីកសិកម្ម និងចំណីសត្វ ដើម្បីធានាប្រសិទ្ធភាពសេដ្ឋកិច្ច មានគុណភាពខ្ពស់ និងតម្លៃសមរម្យ អាចប្រកួតប្រជែងជាមួយនឹងការនាំចូល។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តីក៏ទទួលស្វាគមន៍និងលើកទឹកចិត្តដល់ភាគីកូរ៉េធ្វើការវិនិយោគលើអ្វីដែលជាចំនុចខ្លាំងរបស់កម្ពុជាមានស្រាប់ ដើម្បីទទួលបានជោគជ័យឆាប់រហ័ស និងចំគោលដៅនៃការវិនិយោគពិតប្រាកដ ហើយក្រសួងកសិកម្មនឹងជួយគាំទ្រ តម្រង់ទិសសំដៅផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងជួយប្រជាកសិករក្នុងវិស័យកសិកម្ម។

សូមជម្រាបថា កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ក្នុងការផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ ការវិនិយោគលើថាមពល ដើម្បីអាចជួយកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ ជាពិសេសការវិនិយោគលើការសិក្សាស្រាវជ្រាវគ្រប់អនុវិស័យដូចជា ផលិតកម្មសត្វ វារីវប្បកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានាចាំបាច់។

វិស័យកសិកម្ម គឺជាវិស័យអាទិភាពដ៏​សំខាន់​​មួយ​របស់​កម្ពុជា​ដែល​​ចូល​រួម​ចំណែក​​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ការ​ធានាសន្តិសុខ​ស្បៀង​ ​បង្កើត​ឱកាសការងារ និងប្រាក់​ចំណូល​ទៅ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​​ការ​នាំចេញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​​។

ការ​ពង្រីក​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម គឺ​ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល ជា​ពិសេស​លើ​ការ​កែច្នៃ​ផលិតផល​ប្រកប​ដោយ​គុណភាព​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្មតែងតែទាក់ទាញ ក៏ដូចជាលើកទឹកចិត្តដល់អ្នកវិនិយោគ ឱ្យវិនិយោគលើវិស័យកសិកម្មនេះនៅកម្ពុជាផងដែរ៕