លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០២៥ ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេ ដែលទៅទស្សនាប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥៧២០ នាក់។

លើកឡើងលើបណ្តាញសង្គមផ្លូវការ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា «តាមរយៈតួលេខរបស់អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣២៩១ នាក់ កើនឡើង ២១% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបន្តថា នៅក្នុងខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥៧២០ នាក់បានទៅទស្សនាទីនោះ។ ឆ្នាំ ២០២៥ ត្រូវបានកំណត់ថាជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ»។

គួរបញ្ជាក់ថា សម្រាប់រយៈពេល ៧ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧១ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជិត ៦៩ ម៉ឺននាក់ កើនឡើង ៤៨,២%។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសលំហូរចូលយ៉ាងច្រើននៃភ្ញៀវទេសចរចិនមកកម្ពុជា។ ក្នុងនោះ នៅមុនវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០១៩ មានចំនួនប្រមាណ ២,៤ លាននាក់ ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៦,៧ លាននាក់ កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេសចរចិន មានចំនួនប្រមាណ ៨៥ ម៉ឺននាក់ កើនឡើង ៥៥% ។
ដោយឡែកក្នុងឆ្នាំ២០២៥នេះ កម្ពុជា បង្ហាញការរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរអន្តជាតិប្រមាណ ៧,៥ លាននាក់ ដែលនឹងបង្កើតចំណូលចូលសេដ្ឋកិច្ចជាតិ ប្រមាណជាង៥ពាន់លានដុល្លារផងដែរ៕



