ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦។

វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូត តំណាងអង្គទូត តំណាងដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិ និងតំណាងជាន់ខ្ពស់តាមបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិនិយោគិនស្ថាប័ន, ដៃគូអភិវឌ្ឍន៍, ភ្នាក់ងារអន្តរជាតិ និងអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាគមពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនដែលជាដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុនបោះផ្សាយសក្តានុពល, វិនិយោគិនសក្តានុពល, សាកលវិទ្យាធិការ និង និស្សិត ជាច្រើនផងដែរ។
បើតាមសភាពាណិជ្ជកម្មកម្ពុជា កម្មវិធីនេះ មានគោលបំណង: (១).ការបង្ហាញពីសមិទ្ធផលសម្រេចបាន៖ រំលេចនូវវឌ្ឍនភាពសំខាន់ៗរបស់ អ.ស.ហ. ក្នុងអាណត្តិទី១ និងកំណត់ទិសដៅអាទិភាពទាំងទិដ្ឋភាពបទប្បញ្ញត្តិ និងទិសដៅអភិវឌ្ឍន៍សម្រាប់អាណត្តិទី២។ (២).ការជំរុញកំណើនទីផ្សារមូលបត្រកម្ពុជា និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) តាមរយៈវេទិកាពិភាក្សា៖ បង្កើតនូវវេទិការួមមួយដើម្បីប្រមូល និងផ្លាស់ប្តូរទស្សនៈរវាងភាគីពាក់ព័ន្ធ, អ្នកជំនាញក្នុងវិស័យមូលបត្រ និងដៃគូអភិវឌ្ឍន៍សំខាន់ៗលើប្រធានបទផ្សេងៗ រួមមាន៖
ក. ការលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការត្រួតពិនិត្យទ្រព្យឌីជីថល៖ បង្ហាញពីទិដ្ឋភាពបទប្បញ្ញត្តិបច្ចេកវិទ្យាហិរញ្ញវត្ថុ និងពិភាក្សាលើក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ការត្រួតពិនិត្យទ្រព្យឌីជីថល។
ខ. ការជំរុញការចូលរួមក្នុងទីផ្សារមូលបត្រ៖ លើកកម្ពស់ការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្ម ដែលជាជម្រើសប្រកបដោយប្រសិទ្ធភាពសម្រាប់សហគ្រាសឯកជនក្នុងការទទួលបានហិរញ្ញប្បទានរយៈពេលវែងសម្រាប់ការពង្រីកអាជីវកម្ម។
គ. ការបង្កើនទ្រព្យសកម្ម និងការធ្វើពិពិធកម្មការវិនិយោគ៖ បង្ហាញពីឱកាសវិនិយោគក្នុងផលិតផលមូលបត្រដែលស្ថិតក្រោមនិយ័តកម្មរបស់ ន.ម.ក. ដើម្បីបង្កើនការចូលរួមពីវិនិយោគិនរាយ និងវិនិយោគិនស្ថាប័ន។
ឃ. ការពង្រឹងទំនុកចិត្តទីផ្សារ និងកិច្ចគាំពារវិនិយោគិន៖ បន្ស៊ីការអនុវត្តជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពលើទ្រព្យសកម្មរបស់វិនិយោគិន និងរក្សានូវតម្លាភាពទីផ្សារ។
ក្នុងរយៈពេល៥ឆ្នាំ នៃអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានរីកលូតលាស់យ៉ាងឆាប់រហ័ស និងកំពុងក្លាយជាសមាសធាតុមួយដែលមានតួនាទីកាន់តែសំខាន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ។
ជាក់ស្តែង ទ្រព្យសកម្មសរុបរបស់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានកើនឡើងពីប្រមាណជាង៣ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២១ ដល់ប្រមាណជាង៩ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥ ស្មើនឹងប្រមាណ១៨% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។
ចំពោះការបង្កើតការងារ និងការអភិវឌ្ឍមូលធនមនុស្ស ចំនួនការងារក្នុងវិស័យនេះ បានកើនពីប្រមាណ៨ពាន់នាក់ក្នុងឆ្នាំ២០២១ ដល់ប្រមាណ ១៦ពាន់នាក់ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើងទ្វេដងក្នុងរយៈពេល៥ឆ្នាំ។
កំណើននេះ បានឆ្លុះបញ្ចាំងពីការរីកលូតលាស់ជាបន្តបន្ទាប់របស់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ ព្រមទាំងចូលរួមជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិជារួម៕










