ក្រុមមន្ត្រីជាន់ខ្ពស់របស់ប្រទេសរុស្ស៊ី មានផែនការបែងចែកថវិកាចំនួន ២០២,៦ពាន់លានដុល្លារ សម្រាប់កញ្ចប់ការពារជាតិក្នុងឆ្នាំ២០២៧ ខាងមុខ ដែលកើនឡើងប្រមាណ ២៧% បើប្រៀបធៀបនឹងការប៉ាន់ប្រមាណនាពេលកន្លងមក។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters កាលពីថ្ងៃទី២៨ ខែកញ្ញា ដោយផ្អែកលើឯកសាររដ្ឋាភិបាលរុស្ស៊ី បានបង្ហាញឲ្យដឹងថា ការចំណាយយោធាសរុបរបស់ប្រទេសនេះក្នុងរយៈពេល ៣ឆ្នាំខាងមុខ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៥០ទ្រីលានរូបល (ឬជិត ៥៩២ពាន់លានដុល្លារ)។
យ៉ាងណាមិញ នៅក្នុងឆ្នាំ២០២៧ ខាងមុខ ថវិកាការពារជាតិរបស់រុស្ស៊ីត្រូវបានប៉ាន់ប្រមាណថានឹងមានចំនួនប្រហែល ២០២,៦ពាន់លានដុល្លារ ដែលជាការកើនឡើង ២៧% ពីការប៉ាន់ស្មានដំបូងដែលមានចំនួនត្រឹម ១៥៩,៨ពាន់លានដុល្លារ ហើយក៏ជាកម្រិតខ្ពស់បំផុតចាប់តាំងពីជម្លោះនៅអ៊ុយក្រែនបានផ្ទុះឡើងក្នុងឆ្នាំ២០២២ ផងដែរ។
ប្រទេសរុស្ស៊ីធ្លាប់បានគ្រោងទុកថានឹងចំណាយជាង ១៤៣ពាន់លានដុល្លារលើវិស័យការពារជាតិរបស់ខ្លួននៅឆ្នាំនេះ ប៉ុន្តែតួលេខពិតប្រាកដត្រូវបានរក្សាជាការសម្ងាត់ និងមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ។
គួរជម្រាបជូនថា រដ្ឋាភិបាលរុស្ស៊ីត្រូវបានរំពឹងថានឹងដាក់ជូនសេចក្តីព្រាងថវិការបស់ខ្លួនទៅកាន់សភាមុនថ្ងៃទី១ ខែតុលាខាងមុខ។ លើសពីនេះ មន្ត្រីរុស្ស៊ីក៏បានប្រកាសកាលពីចុងសប្តាហ៍មុនអំពីផែនការដំឡើងពន្ធនៅឆ្នាំក្រោយ ដើម្បីប៉ះប៉ូវការកើនឡើងនៃកង្វះខាតថវិកា ដោយតម្រង់ទិសលើប្រាក់ចំណេញខុសធម្មតារបស់ក្រុមហ៊ុនជីកយករ៉ែ និងក្រុមហ៊ុនលោហធាតុ។ ពន្ធនេះត្រូវបានរំពឹងថានឹងរកប្រាក់ចំណូលបានប្រហែល ២,៤ពាន់លានដុល្លារដល់រដ្ឋជារៀងរាល់ឆ្នាំ៕

