ក្រសួងពាណិជ្ជកម្ម ជំរុញការនាំចេញ និងពង្រីកវត្តមានផលិតផលខ្មែរនៅលើទីផ្សារម៉ាឡេស៊ី

សង្គម​ និង​សេដ្ឋកិច្ច

ប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា កាលពេលថ្មីៗនេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមពិធីបើកកិច្ចប្រជុំកំពូលហាឡាលសកល ឆ្នាំ២០២៦ (GHaS 2026) និងពិព័រណ៍ផលិតផលហាឡាលអន្តរជាតិម៉ាឡេស៊ី ឆ្នាំ២០២៦ (MIHAS 2026) ដើម្បីការនាំចេញ និងពង្រីកវត្តមានផលិតផលខ្មែរនៅលើទីផ្សារម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក YAB Dato’ Seri Dr. Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ម៉ាឡេស៊ី តំណាងដ៏ខ្ពង់ខ្ពស់ លោក Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសជាតំណាងរដ្ឋាភិបាល អង្គទូត អ្នកវិនិយោគិន និងថ្នាក់ដឹកនាំធុរកិច្ច ជាច្រើនរូប។

សូមបញ្ជាក់ផងដែរថា ពិព័រណ៍ MIHAS 2026 ជាព្រឹត្តិការណ៍ពាណិជ្ជកម្មផលិតផលហាឡាលអន្តរជាតិលើកទី២២ ក្រោមមូលបទ «កសាងទំនុកចិត្ត និងជំរុញភាពធន់» (Shaping Trust, Driving Resilience) ដែលរៀបចំដោយ អង្គភាពអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) ដោយមានការគាំទ្រពី ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី (MITI)។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណ ៥០.០០០ នាក់, អ្នកតាំងពិព័រណ៍អន្តរជាតិ និងអ្នកទិញសក្តានុពល មកពី ៥៨ ប្រទេស, ពន្លាពិព័រណ៍អន្តរជាតិចំនួន ១៣, ក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ចំនួន ១.៧០០ ក្រុមហ៊ុន ព្រមទាំងស្តង់ពិព័រណ៍សរុបចំនួន ២.០០០ ស្តង់។

ក្នុងដំណើរបេសកកម្មនេះ ប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានដឹកនាំគណៈប្រតិភូ ជួបសម្តែងការគួរសមជាមួយ YBhg. Dato’ Indera Abu Bakar Yusof នាយកប្រតិបត្តិ MATRADE និងបានជួបប្រជុំជាមួយតំណាងវិស័យឯកជនមួយចំនួន ដើម្បីជំរុញការនាំចេញ និងពង្រីកវត្តមានផលិតផលខ្មែរនៅលើទីផ្សារម៉ាឡេស៊ី។ ជាពិសេស គណៈប្រតិភូកម្ពុជា បានចុះពិនិត្យមើលផលិតផលអង្ករខ្មែរម៉ាក «ផ្កាខ្ញី» (ទម្ងន់ ១ គីឡូក្រាម និង ៥ គីឡូក្រាម) ដែលបានដាក់តាំងលក់ក្នុងផ្សារ KK Super Mart នៅអគារទីស្នាក់ការកណ្តាល Menara KK (HQ) ក្នុងទីក្រុងគូឡាឡាំពួរ។ ផ្សារ KK Super Mart បច្ចុប្បន្នមានសាខាជាង ១.០០០ ទីតាំង នៅទូទាំងប្រទេសម៉ាឡេស៊ីផងដែរ៕ អត្ថបទ៖ហ្សាលីន