ស្រ្តីវ័យក្មេង ចម ក្រស្នា ដែលគ្រប់គ្រងអាណាចក្រជំនួញ ១០ ក្នុងដៃ ជានរណា?

សង្គម​និង​សេដ្ឋកិច្ច

លោកស្រី ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប និងជាប្រធានគណៈកម្មាធិការ Soma Initiative។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីកើតនៅក្រុងភ្នំពេញ និងបានសិក្សានៅសហរដ្ឋអាមេរិកចាប់ពីថ្នាក់បឋមសិក្សារហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួន ២ ក្នុងពេលតែមួយ គឺទី១ ច្បាប់គ្រប់គ្រងពាណិជ្ជកម្ម ទី២ ច្បាប់គ្រប់គ្រងទីផ្សារ និងសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ ជីនថូម៉ាស់។

ក្រោយបញ្ចប់ការសិក្សាភ្លាម អំឡុងឆ្នាំ២០០៨ លោកស្រីក៏បានវិលមកកាន់កម្ពុជាវិញ ហើយបានចូលបំរើការងារនៅក្រុមហ៊ុន សោម៉ា គ្រុប ក្នុងតួនាទីជាប្រធានគ្រប់គ្រងផ្នែកទីផ្សារលើវិស័យកសិកម្ម បន្ទាប់មកក៏ផ្លាស់ប្តូរមកកាន់ដំណែងផ្នែកអភិវឌ្ឍអាជីវកម្ម ក្នុងនាមជាអគ្គលេខាធិការវិញម្តង។

លោកស្រី ចូលកាន់ដំណែងអគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប នៅក្នុងឆ្នាំ២០១៨។ ក្រុមហ៊ុននេះលោកស្រីបានធ្វើការជាង១៤ឆ្នាំមកហើយ។ ការឡើងជា CEO របស់លោកស្រីនៅពេលនោះ ជំនួសលោក សុខ ពុទ្ធីវុធ អគ្គនាយក ក្រុមហ៊ុន សោម៉ា គ្រុប (SOMA Group) និង ជា ប្រធាន សហព័ន្ធ ស្រូវ អង្ករ កម្ពុជា ជាកូនប្រុសសម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី។

សោម៉ា គ្រុប មានបុត្រសម្ព័ន្ធប្រមាណចំនួន ១០ក្រុមហ៊ុនក្នុងដៃ ដែលធ្វើការក្នុងវិស័យផ្សេងគ្នា រួមមាន៖ វិស័យសំណង់ កសិកម្ម បច្ចេកវិទ្យា ពាណិជ្ជកម្ម អប់រំ បដិសណ្ឋារកិច្ច និងអភិវឌ្ឍអចលនវត្ថុ ជាដើម។

សូមបញ្ជាក់ថា លោកស្រី ចម ក្រស្នា ជាកូនស្រីលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

លោក ស្រីជា កូនប្រសារ សម្ដេច វិបុល បញ្ញា សុខ អាន អតីត រដ្ឋមន្រ្តីនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០០៨ ជាមួយលោក សុខ សូកេន បច្ចុប្បន្ន រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ។ ចំណងដៃអ្នកទាំងពីរមានបុត្រធីតាចំនួន ៤នាក់ ក្នុងនោះស្រី៣ និងប្រុសម្នាក់ពៅ៕