កម្ពុជា-អង់គ្លេស ចុះ MoU រួមគ្នាអភិវឌ្ឍជំនាញ TVET ឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ ជាមួយលោក ស៊ន ក្រូលី នាយកទទួលបន្ទុកកិច្ចការអន្តរជាតិនៃស្ថាប័នសេវាកម្មវាយតម្លៃសកល AQA (AQA Global Assessment Services) នៃចក្រភពអង់គ្លេស នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) តាមរយៈការរៀបចំកញ្ចប់ស្តង់ដាបណ្តុះបណ្តាល ការវាយតម្លៃ និងធានាគុណភាព ព្រមទាំងការកសាងបណ្តាញទំនាក់ទំនងរវាងគ្រឹះស្ថាន TVET នៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មកម្ពុជាឱ្យស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើប។

នាឱកាសនោះ លោករដ្ឋមន្រ្តី ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់ AQA ក្នុងការនាំយកស្តង់ដាអប់រំកម្រិតអន្តរជាតិរបស់ចក្រភពអង់គ្លេសមកចែករំលែកនៅកម្ពុជា ដែលនឹងជួយបង្កើនទំនុកចិត្តដល់និយោជក និងសាធារណជនលើគុណភាពជំនាញ TVET។

ជាការឆ្លើយតប លោក ស៊ន ក្រូលី បានសម្តែងសេចក្តីរីករាយ និងបានបញ្ជាក់ថា ការចុះ MoU នេះជាចំណុចចាប់ផ្តើមដ៏សំខាន់ ដែល AQA នឹងចូលរួមគាំទ្រកម្ពុជាលើការអភិវឌ្ឍស្តង់ដា ការអភិវឌ្ឍគុណវុឌ្ឍិ និងការកសាងសមត្ថភាពជំនាញឱ្យកាន់តែរឹងមាំបន្ថែមទៀត៕