អបអរសាទរ កម្ពុជា ទទួលបានពានរង្វាន់ទេសចរណ៍ថ្មី ក្នុងនាមជា «គោលដៅទេសចរណ៍សម្រាប់យុវជនឈានមុខគេ នៅអាស៊ី ប្រចាំឆ្នាំ២០២៦»។

បើតាមក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ បានបញ្ជាក់ថា ពានរង្វាន់ «គោលដៅទេសចរណ៍សម្រាប់យុវជនឈានមុខគេនៅអាស៊ី ប្រចាំឆ្នាំ២០២៦» (Asia’s Leading Youth Travel Destination 2026) នេះ ត្រូវបានប្រកាស ក្នុងកម្មវិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards) លើកទី៣៣ ដែលបានរៀបចំឡើង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ នៅ CROSSROADS Maldives ស្របពេលនឹងការប្រារព្ធទិវាទេសចរណ៍ពិភពលោក ផងដែរ។
គូសបញ្ជាក់ដែរថា ការទទួលស្គាល់នេះ គឺជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ របស់កម្ពុជា ដែលបានឈ្នះពានរង្វាន់ «គោលដៅទេសចរណ៍សម្រាប់យុវជនឈានមុខគេនៅអាស៊ី» រយៈពេល ៥ឆ្នាំជាប់ៗគ្នា ដែលស្តែងចេញពី សក្តានុពលទេសចរណ៍ដ៏សម្បូរបែប របស់កម្ពុជា បដិសណ្ឋារកិច្ចក៏កក់ក្តៅ សន្តិសុខនិងសុវត្ថិភាព និងវប្បធម៌ដ៏ផូផង់ ដែលភាគច្រើនបានទាក់ចិត្តភ្ញៀវបរទេស មកចង់កម្សាន្ត និងស្វែងយល់៕

