បុរសជនជាតិចិន លោក Sun Aixiang ដែលបានចំណាយពេលជិតពីរទសវត្សក្នុងនាមជាអ្នកលក់កាវ និងស្កុត បានក្លាយជាមហាសេដ្ឋី បន្ទាប់ពីក្រុមហ៊ុនរបស់លោកដែលជាក្រុមហ៊ុនផលិតសម្ភារៈបញ្ចុះកម្ដៅសម្រាប់ឈីប បានចុះបញ្ជីជួញដូរភាគហ៊ុនជាផ្លូវការ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា លោក Sun ដែលជាប្រធានក្រុមហ៊ុន Shenzhen HFC បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៧ពាន់លានដុល្លារ បន្ទាប់ពីការចុះបញ្ជីលក់ភាគហ៊ុននៅលើទីផ្សារភាគហ៊ុន Shenzhen កាលពីពេលថ្មីៗនេះ។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Shenzhen HFC បានកើនឡើងរហូតដល់ ៧១៩% នៅថ្ងៃដំបូងនៃការជួញដូរនោះ។ ហើយមិនតែប៉ុណ្ណោះប្អូនថ្លៃរបស់លោក Sun គឺលោក Zhao ដែលជាស្ថាបនិកម្នាក់ និងជាប្រធានក្រុមហ៊ុនផងនោះ បានកើនឡើងទ្រព្យសម្បត្តិដល់ប្រហែល ១,៣ពាន់លានដុល្លារ ផងដែរ។
គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន Shenzhen HFC នេះមានជំនាញលើសម្ភារៈគ្រប់គ្រងកម្ដៅ រួមមានបន្ទះកម្ដៅ (Thermal pads) និងជែលចម្លងកម្ដៅ (Thermally conductive gels) ផងដែរ។ សម្ភារៈទាំងនេះត្រូវ បានប្រើប្រាស់ជាមួយឈីប AI, ម៉ូឌុលអុបទិក និងគ្រឿងបរិក្ខារមជ្ឈមណ្ឌលទិន្នន័យ (Data centers) ដើម្បីជួយបញ្ជូន និងបញ្ចេញកម្ដៅ ផងដែរ៕

