ស្ងាត់ៗ​ លោក ត្រាំ ប្រកាសកិច្ចព្រមព្រៀងស្តីពីបញ្ញាសិប្បនិម្មិត AI ជាមួយមេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះ បានប្រកាសចេញផ្សាយនូវឯកសារមួយដែលរដ្ឋបាលរបស់លោកចាត់ទុកថាជាកិច្ចព្រមព្រៀងស្តីពីបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវបានចូលរួមចុះហត្ថលេខាដោយរូបលោកផ្ទាល់ និងថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើនដែលលោកបានជួបនៅសេតវិមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញកិច្ចព្រមព្រៀងដែលត្រូវបានលោក ត្រាំ បង្ហោះនៅលើបណ្តាញសង្គម Truth Social នេះ គឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលផ្តោតសំខាន់ទៅលើផ្នែកសីលធម៌នៃវិស័យ AI ហើយបានស្នើសុំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនោះ ត្រូវអនុវត្តន៍តាមលក្ខខណ្ឌសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖​

១. ជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ សហការជាមួយក្រុមហ៊ុនសវនកម្ម ឬអ្នកវាយតម្លៃខាងក្រៅ ដើម្បីធ្វើការវាយតម្លៃដោយឯករាជ្យថា តើប្រព័ន្ធត្រួតពិនិត្យ និងតាមដាន AI របស់ក្រុមហ៊ុនទាំងនោះកំពុងដំណើរការទៅតាមការរំពឹងទុកដែរឬទេ។

២. តម្រូវឱ្យក្រុមហ៊ុនបង្កើតគណៈកម្មាធិការឯករាជ្យមួយនៃក្រុមប្រឹក្សាភិបាល ដើម្បីត្រួតពិនិត្យ និងទទួលរបាយការណ៍ពីសវនករផ្ទៃក្នុង ខាងក្រៅ និងក្រុមការងារប្រតិបត្តិការប្រព័ន្ធត្រួតពិនិត្យ AI។

៣. ស្នើឱ្យមានការត្រួតពិនិត្យផ្ទៃក្នុងលើសមត្ថភាព និងការកំណត់ទិសដៅនៃម៉ូឌែល AI ក្នុងអំឡុងពេលបណ្តុះបណ្តាល និងការដាក់ឱ្យប្រើប្រាស់ ពាក់ព័ន្ធនឹងវិស័យដូចជា សន្តិសុខ Cyber បច្ចេកវិទ្យាជីវសាស្ត្រ និងការគំរាមកំហែងផ្នែកគីមី ដើម្បីធានាថា ម៉ូឌែលទាំងនោះ “មិនជ្រៀតចូល ឬចូលប្រើប្រាស់ប្រព័ន្ធបច្ចេកទេសក្នុងផ្លូវមិនល្អ”។

៤. ស្នើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនោះមានក្រុមការងារផ្ទៃក្នុងមួយ ដើម្បីធានាថា “រាល់ការត្រួតពិនិត្យ ការតាមដាន និងការស្វែងរកកំហុស គឺដំណើរការទៅតាមការគ្រោងទុក”។

ជម្រាបជូនផងដែរថា ឯកសារនេះត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី លោក ត្រាំ និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន Google, Anthropic, Meta, OpenAI, ក្រុមហ៊ុនបណ្តាញសង្គម X , NVIDIA និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជាច្រើនទៀត៕