ក្រុមហ៊ុន Vingroup របស់មហាសេដ្ឋីមានដាច់គេនៅអាស៊ីអាគ្នេយ៍ លោក Pham Nhat Vuong ថ្មីៗនេះ បានប្រកាសបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះថា Vin Oil&Gas Global Jsc (VOG) ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មលើការវិនិយោគ និងការជួញដូរផលិតផលប្រេងកាត និងឧស្ម័ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រុមហ៊ុន VOG ដែលមានទីស្នាក់ការនៅទីក្រុងហាណូយ មានដើមទុនចុះបញ្ជីដំបូងចំនួន ១ទ្រីលានដុង (ប្រហែល ៣៨,៥លានដុល្លារ) ដោយក្នុងនោះ Vingroup កាន់កាប់ភាគហ៊ុនចំនួន ៥១% ។ Vingroup ដែលជាក្រុមហ៊ុនចុះបញ្ជីធំបំផុតរបស់វៀតណាម គឺគ្រប់គ្រងដោយលោក Pham Nhat Vuong ដែលជាបុគ្គលមានបំផុតនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងទ្រព្យសម្បត្តិសរុបជិត ៣៦ពាន់លានដុល្លារ។
គួរឲ្យដឹងផងដែរថា ចំពោះសកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនថ្មីនេះ គឺការវិនិយោគ និងការជួញដូរប្រេងកាត និងឧស្ម័ន។ តែទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់មានព័ត៌មានលម្អិតបន្ថែមត្រូវបានទម្លាយឱ្យដឹងអំពីផ្នែក ឬគម្រោងជាក់លាក់ដែល VOG នឹងផ្តោតលើនៅឡើយនោះទេ។
ជម្រាបជូនផងដែរថា ជុំវិញការបង្កើតក្រុមហ៊ុន VOG នេះ ធ្វើឡើងក្នុងពេលដែល Vingroup បាននិងកំពុងពង្រីកសកម្មភាពរបស់ខ្លួនទៅកាន់វិស័យដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ និងថាមពល៕

