សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបន្ថែម ២ដុល្លារ ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរឡើងដល់ ២១២ ដុល្លារ នៅឆ្នាំ២០២៧

សង្គម​ និង​សេដ្ឋកិច្ច

ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានកំណត់ជាផ្លូវការចំនួន ២១២ ដុល្លារអាម៉េរិក ក្នុងមួយខែ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបន្ថែម ២ ដុល្លារ លើតួលេខបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំចំនួន ១៧លើក អង្គប្រជុំបានអនុវត្តនីតិវិធីបោះឆ្នោតជាសម្ងាត់លើតួលេខស្នើឡើងរបស់ភាគីទាំងពីរ (តំណាងនិយោជកស្នើ ២១០ដុល្លារ និងតំណាងកម្មករស្នើ ២២៥ដុល្លារ)។ ជាលទ្ធផល តួលេខ ២១០ ដុល្លារ ទទួលបានសំឡេងគាំទ្រ ៤៧ លើ ៥១សំឡេង (តួលេខ ២២៥ដុល្លារ ទទួលបាន ៣សំឡេង និងមិនបានការ ១សំឡេង)។

ផ្អែកលើលទ្ធផលបោះឆ្នោតនេះ និងរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងការងារ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ ឡើងដល់ ២១២ ដុល្លារ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានឯកភាពរក្សាទុក «ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ» ចំនួន ២,៥ ដុល្លារ បន្ថែមទៀត នាំឱ្យកម្មករនិយោជិតទទួលបានកំណើនប្រាក់ឈ្នួលគោលសរុប ៤,៥ ដុល្លារ ក្នុងមួយខែ។

ក្រៅពីប្រាក់ឈ្នួលគោល អត្ថប្រយោជន៍ផ្សេងៗទៀតនៅតែរក្សាដដែល រួមមាន៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់ ១០ដុល្លារ, សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ៧ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារពី ២ ដល់ ១១ដុល្លារ និងប្រាក់ថ្លៃបាយបន្ថែមម៉ោង ២ ០០០រៀល/ថ្ងៃ។ ដូច្នេះ ក្នុងឆ្នាំ២០២៧ កម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ចំណូលសរុបជាក់ស្តែងចន្លោះពី ២៣១,៥ ដុល្លារ ដល់ ២៤២,៥ ដុល្លារអាម៉េរិក ក្នុងមួយខែ (មិនទាន់គិតបញ្ចូលប្រាក់ថែមម៉ោង)៕