អ្នកឧកញ៉ា គិត ម៉េង ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពីទស្សនវិស័យវិនិយោគនៅកម្ពុជា ក្រោមប្រធានបទ “ការទាញយកឱកាសវិនិយោគ និង ការកៀរគរមូលធនតាមរយៈទីផ្សារមូលបត្រ”

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦  អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពីទស្សនវិស័យ វិនិយោគនៅកម្ពុជា ក្រោមប្រធានបទ «ការទាញយកឱកាសវិនិយោគ និងការកៀរគរមូលធនតាមរយៈទីផ្សារមូលបត្រ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយស្ថាប័នធានាឥណទាន និងវិនិយោគ(CGIF) សហការជាមួយនិយ័តករមូលបត្រកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា ក្នុងគោលបំណងបង្កើនការយល់ដឹង និងកសាងសមត្ថភាពដល់តួអង្គទីផ្សារពាក់ព័ន្ធនឹងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា ព្រមទាំងសម្រួលកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីស្វែងរកគំរូហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត និងជំរុញការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណប្រាក់រៀលនៅកម្ពុជា។

អង្គសិក្ខាសាលាក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) លោកស្រី Noriko Nasu អគ្គនាយិកាប្រតិបត្តិ នៃស្ថាប័នធានាឥណទាននិងវិនិយោគ (CGIF) ព្រមទាំងតំណាងក្រសួង-ស្ថាប័នរដ្ឋ និយ័តករ វិនិយោគិន ថ្នាក់ដឹកនាំធុរកិច្ច និងគ្រឹះស្ថានហិរញ្ញវត្ថុជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ដែលបន្តរក្សាកំណើនក្នុងរង្វង់ ៥% ដល់ ៦% ក្នុងសម័យកាលក្រោយជំងឺកូវីដ-១៩។ ទន្ទឹមនឹងការរំពឹងទុកថាកម្ពុជានឹងចាកចេញពីរង្វង់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ទៅជាប្រទេសដែលមានចំណូលមធ្យម។ អ្នកឧកញ៉ាប្រធាន បានលើកឡើងថា កម្ពុជាចាំបាច់ត្រូវរៀបចំខ្លួនឆ្លងឲ្យផុតពីការប្រមូលទុនតាមបែបប្រពៃណី និងការពឹងផ្អែកលើជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដោយត្រូវងាកមកពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុក្នុងស្រុក និងជំរុញការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណប្រាក់រៀល (Khmer Riel Bond Market)។ 

អ្នកឧកញ៉ាប្រធាន បានបន្ថែមទៀតថា ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណប្រាក់រៀល គឺជាដំណោះស្រាយដ៏ប្រសើរសម្រាប់ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុកក្នុងការប្រមូលទុនសម្រាប់ពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធបៃតង ដោយពុំបាត់បង់សិទ្ធិគ្រប់គ្រង ឬភាពជាម្ចាស់កម្មសិទ្ធិលើក្រុមហ៊ុនឡើយ។ បន្ថែមពីនេះការពង្រីកទីផ្សារសញ្ញាបណ្ណ ទាំងក្នុងវិស័យរដ្ឋ និងឯកជន គឺជាកត្តាស្នូលក្នុងការជួយជំរុញគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល កាត់បន្ថយសម្ពាធពីហានិភ័យអត្រាប្តូរប្រាក់បរទេស និងពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ចជាតិ។

ជាចុងក្រោយ អ្នកឧកញ៉ាប្រធាន បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យប្រើប្រាស់យន្តការ «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន» (G-PSF) ដើម្បីសហការឱ្យបានជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត សំដៅប្រែក្លាយប្រាក់សន្សំទៅជាប្រភពទុនអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព។