ជីប ម៉ុង បន្តបេសកកម្មមនុស្សធម៌ឥតឈប់ឈរ នាំយកស្នាមញញឹម និងក្តីស្រឡាញ់ជូនដល់​មាតា និងកុមារកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ភាពកក់ក្តៅនៃ «យុទ្ធនាការចែករំលែកទឹកដោះគោផ្កាឈូកជាង ២ ម៉ឺនកេស» បានបន្តចែករំលែកទៅដល់មាតា ទារក និងកុមារកម្ពុជា ដោយលើកនេះ ក្រុមហ៊ុន ជីប ម៉ុង បាននាំយកទឹកដោះគោផ្កាឈូកចំនួន ៧១០ កេស និងខោទឹកនោមអូរ៉ាចំនួន ១,២០០ ខោ ទៅប្រគល់ជូនមជ្ឈមណ្ឌលជាតិគាំពារមាតានាថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនេះ លោកអគ្គនាយកបន្តវេន អ៊ឹង វិសាល នៃក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ និង ជីប ម៉ុង ត្រេឌីង ព្រមទាំងលោកអគ្គនាយកបន្តវេន អ៊ឹង ពិសិដ្ឋ នៃក្រុមហ៊ុន ជីប ម៉ុង លែន បាននាំយកអំណោយឧបត្ថម្ភទាំងនេះ ទៅប្រគល់ជូនដល់មជ្ឈមណ្ឌលដោយផ្ទាល់ ព្រមទាំងបានចុះសួរសុខទុក្ខមាតា និងកុមារដែលកំពុងទទួលការថែទាំយ៉ាងដិតដល់ពីក្រុមគ្រូពេទ្យជំនាញនៅទីនោះផងដែរ។

គួររំលឹកផងដែរថា តាមរយៈ «យុទ្ធនាការចែករំលែកទឹកដោះគោផ្កាឈូកជាង ២ ម៉ឺនកេស» កន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង បាននាំយកទឹកដោះគោផ្កាឈូកទៅចែកជូនមន្ទីរពេទ្យជាច្រើន ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីចូលរួមចំណែកគាំទ្រផ្នែកអាហារូបត្ថម្ភដល់កុមារ ព្រមទាំងសម្រួលដល់តម្រូវការចាំបាច់របស់អ្នកជំងឺដែលកំពុងសម្រាកព្យាបាល។

តាមរយៈសកម្មភាពទាំងនេះ ជីប ម៉ុង នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសហគមន៍ ជាពិសេសមាតា ទារក និងកុមារ ដោយរំពឹងថា ការចូលរួមជាបន្តបន្ទាប់នេះ នឹងជួយបង្កើតភាពកក់ក្តៅ និងរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គមឱ្យកាន់តែប្រសើរឡើង។