លោក ប៉ាន សូរស័ក្តិ ជំរុញផលិតករកម្ពុជា ត្រូវខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារសេរី

សង្គម​និង​សេដ្ឋកិច្ច

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​បានជំរុញផលិតករកម្ពុជា ត្រូវខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក និងឈានទៅប្រកួតប្រជែងក្នុងទីផ្សារសេរី។នេះបើតាមពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ ឆ្នាំ២០២៣ កាលរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងទៅកាន់ផលិតករ ពាណិជ្ជករ កសិករ និស្សិត ប្រមាណ៣០០នាក់  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ផលិតផលខ្មែរមានវត្តមាននៅលើទីផ្សារកាន់តែច្រើន ទាំងទីផ្សារក្នុងស្រុក ហាងលក់ទំនិញក្នុងអាកាសយានដ្ឋាន និងទីផ្សារនៅបរទេស និងមានការរីកចម្រើនទៅមុខទាំងគុណភាព សុវត្ថិភាព សោភ័ណភាព និងអនាម័យ ដែលអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់ទូទៅ។

ជាមួយគ្នានេះ លោកបានធ្វើការប្រៀបធៀបផលិតផលកម្ពុជា ជាមួយផលិតផលរបស់បរទេសដែលកំពុងធ្វើចរាចរនៅលើទីផ្សារទាំងក្នុងក្របខ័ណ្ឌតំបន់ និងទីផ្សារសកល ឃើញថាការការរីកចម្រើនរបស់ផលិតផលខ្មែរនៅមានកម្រិតនៅឡើយ។

ទន្ទឹមនឹងនេះដែរ លោក ក៏បានជំរុញដល់ផលិតករ ពាណិជ្ជករកម្ពុជា ត្រូវខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញសម្រាប់បម្រើទីផ្សារ ដោយអនុលោមតាម គោលការណ៍ “ភក្តីភាពចំពោះពាណិជ្ជកម្ម” គឺផលិតផលត្រូវតែមានគុណភាព មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ អនុលោមតាមស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ នោះទើបអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីបាន។

គួរបញ្ជាក់ដែរថា តាមរយៈកម្មវិធីនោះដែរ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាជួយលើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញការផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានទូលំទូលាយ ខណៈដែលក្រសួងពាណិជ្ជកម្មកំពុងខិតខំធ្វើពិពិធកម្មទីផ្សារបន្ថែម លើទីផ្សារដែលមានស្រាប់ តាមរយៈការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន,កម្ពុជា-សាធារណរដ្ឋកូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម ដែលនឹងបញ្ចប់នៅពេលឆាប់ៗនេះ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីជាមួយដៃគូពាណិជ្ជកម្មនានាជាច្រើនទៀត ដែលធ្វើឱ្យទីផ្សារទំនិញ និងវិនិយោគកម្ពុជាកាន់តែទូលំទូលាយ៕