សមាគមឧកញ៉ាកម្ពុជា ពង្រឹងការតភ្ជាប់ធុរកិច្ចកម្ពុជា–ឥណ្ឌា

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែកញ្ញា បានចាត់តាំង អ្នកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូសមាគម ចូលរួម «ជំនួបពិភាក្សាការងារពេលព្រឹក» ជាមួយគណៈប្រតិភូធុរកិច្ចឥណ្ឌា និងតំណាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបនេះ មានគោលបំណងពង្រឹងទំនាក់ទំនងធុរកិច្ច ស្វែងយល់ពីបរិយាកាស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងជំរុញការផ្គូផ្គងធុរកិច្ច និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច–ពាណិជ្ជកម្មកម្ពុជា–ឥណ្ឌា។

គណៈប្រតិភូធុរកិច្ចឥណ្ឌា ដឹកនាំដោយ PCA Global Associates និងមានក្រុមហ៊ុនធំៗចំនួន៥ មកពីវិស័យសំខាន់ៗ រួមមាន បញ្ញាសិប្បនិម្មិត និងអភិបាលកិច្ចអេឡិចត្រូនិក ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល អចលនទ្រព្យឧស្សាហកម្ម និង FDI យានយន្តអគ្គិសនី និងថាមពលបៃតង បណ្តាញអគ្គិសនី និងសេវាទូទាត់ឆ្លាតវៃ ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់វាយនភណ្ឌ និងសម្លៀកបំពាក់។

ក្នុងឱកាសនេះ ភាគីទាំងពីរបានណែនាំអំពីស្ថាប័ន និងវិស័យអាជីវកម្មរៀងៗខ្លួន ព្រមទាំងផ្លាស់ប្តូរព័ត៌មានទំនាក់ទំនង ដើម្បីបន្តកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ជំនួបនេះ គឺជាការបន្តទំនាក់ទំនងរវាងសមាគមឧកញ៉ាកម្ពុជា និង PCA Global Associates ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយផ្តោតលើការបង្កើតឱកាសធុរកិច្ច និងវិនិយោគសម្រាប់សមាជិកសមាគម និងក្រុមហ៊ុនឥណ្ឌា។

សមាគមឧកញ៉ាកម្ពុជា នឹងបន្តជំរុញការតភ្ជាប់ និងភាពជាដៃគូជាមួយវិស័យឯកជនឥណ្ឌា ដើម្បីបម្លែងទំនាក់ទំនងទៅជាឱកាស និងគម្រោងសហប្រតិបត្តិការជាក់ស្តែង ដែលរួមចំណែកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា–ឥណ្ឌា។