បុរី វិមានសំណាង ម.ក ប្រកាសជោគជ័យជាផ្លូវការលើលទ្ធផលនៃការធ្វើបរិវិសកម្ម IPO ដោយទទួលបានការអនុម័តពី និយ័តករមូលបត្រកម្ពុជា

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ, ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ — ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដោយសហការជាមួយក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក ដែលជាទីប្រឹក្សាមូលបត្រ និងជាអ្នកធានាទិញមូលបត្រ មានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ក្នុងការជម្រាបជូនសាធារណជន និងវិនិយោគិនទាំងអស់អំពីជោគជ័យដ៏ត្រចះត្រចង់នៃការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ (IPO) របស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្អែកលើការរៀបចំដំណើរការបរិវិសកម្មចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ភាគហ៊ុនសរុបចំនួន ២១,៦៤០,៣៦០ ភាគហ៊ុន ត្រូវបានវិនិយោគិនទិញ និងធ្វើបរិវិសកម្មបានជោគជ័យទាំងស្រុង។ លទ្ធផលផ្លូវការនៃការធ្វើបរិវិសកម្មនេះ ត្រូវបានអនុម័ត និងទទួលស្គាល់ជាផ្លូវការដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) យោងតាមលិខិតអនុញ្ញាតលេខ ២៩៦៤/២៦ ន.ម.ក. ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍នេះគឺជាការបោះជំហានប្រវត្តិសាស្ត្រមួយនៅក្នុងវិស័យអចលនទ្រព្យ និងផ្សារមូលបត្រកម្ពុជា ដោយ បុរី វិមានសំណាង ម.ក នឹងក្លាយជា «បុរីដំបូងគេបង្អស់» ដែលត្រូវចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈនៅផ្សារមូលបត្រកម្ពុជា (CSX) ហើយក៏ជាក្រុមហ៊ុនដំបូងគេដែលសម្រេចបានការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) នៅក្នុងឆ្នាំ២០២៦ នេះផងដែរ។

តំណាងក្រុមហ៊ុន បុរី វិមានសំណាង ម.ក និង ក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក បានសម្តែងនូវគារវភក្តី និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.), ផ្សារមូលបត្រកម្ពុជា (CSX), ក្រុមអ្នកប្រឹក្សាយោបល់ជំនាញទាំងអស់នៃក្រុមការងារ IPO ព្រមទាំងភាគីពាក់ព័ន្ធ និងវិនិយោគិនទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត ការគាំទ្រយ៉ាងមុតមាំ និងការចូលរួមចំណែកយ៉ាងសកម្ម ដែលធ្វើឱ្យដំណើរការបរិវិសកម្មនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ក្រុមហ៊ុនទាំងពីរទន្ទឹងរង់ចាំការបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងជិតស្និទ្ធពីគ្រប់ភាគីសម្រាប់ជំហានបន្ទាប់។

ចំពោះកាលបរិច្ឆេទផ្លូវការនៃ «ពិធីចុះបញ្ជី និងបើកការជួញដូរភាគហ៊ុនជាផ្លូវការ» របស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នៅលើផ្សារមូលបត្រកម្ពុជា នឹងត្រូវប្រកាសជូនសាធារណជន និងវិនិយោគិនជ្រាបនាពេលឆាប់ៗខាងមុខនេះ ដោយក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក បន្ទាប់ពីទទួលបានការអនុម័តចុងក្រោយពី ផ្សារមូលបត្រកម្ពុជា។

អំពី បុរី វិមានសំណាង ម.ក បុរី វិមានសំណាង ម.ក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដែលផ្តោតលើការកសាងលំនៅឋានប្រណីត បែបក្លាសិក និងទំនើប ប្រកបដោយគុណភាព សោភ័ណភាព និងស្តង់ដាររស់នៅខ្ពស់។ ក្រុមហ៊ុនបាន និងកំពុងពង្រីកវិសាលភាពរបស់ខ្លួនដើម្បីបង្កើតតម្លៃបន្ថែមជូនដល់អតិថិជន និងភាគទុនិក តាមរយៈការគ្រប់គ្រងប្រកបដោយតម្លាភាព និងអភិបាលកិច្ចល្អ។