តើគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព៨០ មេហ្គាវ៉ាត់ តម្លៃប្រមាណ ២៣១ លានដុល្លារ សម្រេចវឌ្ឍភាពដល់ណាហើយ?

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព ៨០ មេហ្គាវ៉ាត់ ស្ថិតនៅ​ក្នុង​ភូមិ​សាស្ត្រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបិទទ្វារទឹកជាផ្លូវការ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ការផលិត​ថាមពល គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ វឌ្ឍនភាពស្តុកទឹកបានជាង៥០%ហើយ ដែលត្រៀមនឹងបញ្ចេញថាមពលឱ្យដំណើរការបណ្តោះអាសន្ន នៅចុងខែតុលា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ វឌ្ឍនភាពស្តុកទឹកបានជាង៥០%ហើយ ដែលត្រៀមនឹងបញ្ចេញថាមពលឱ្យដំណើរការបណ្តោះអាសន្ន នៅចុងខែតុលា ឆ្នាំ២០២៦នេះ។ លោកឱ្យដឹងថា គុណប្រយោជន៍ដ៏មានតម្លៃ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល គឺជួយបង្កើនប្រភពអគ្គិសនីស្អាត មានតម្លៃសមរម្យ សម្រាប់បម្រើបណ្តាញជាតិ, ជួយទប់ស្កាត់ជំនន់ទឹកភ្លៀងក្នុងក្រុងពោធិ៍សាត់ និងត្រៀមស្រោចស្រពផ្ទៃដីកសិកម្មជាង ២ម៉ឺនហិកតា, បង្កើតតំបន់ទេសចរណ៍ធម្មជាតិថ្មី, មានផ្លូវកៅស៊ូព័ទ្ធជុំវិញផ្ទៃអាងលិចទឹក, បង្កើតការងារ និងរោងចក្រផលិតគីមឈីសម្រាប់នាំចេញ។

លោកបានចាត់ទុកទុកថានេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការផលិតថាមពលអគ្គិសនីស្អាត និងការអភិវឌ្ឍដោយចីរភាព។

សូមជម្រាបថា គម្រោងពហុបំណងដ៏មានសារៈសំខាន់នេះ ត្រូវបានអភិវឌ្ឍឡើងក្រោមទុនវិនិយោគសរុបប្រមាណ ២៣១ លានដុល្លារអាម៉េរិក ដោយក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សហការ​ជាមួយ​ដៃគូ​បច្ចេកទេស​លំដាប់​អន្តរជាតិ POWERCHINA។ កិច្ចដំណើរការ​សាងសង់​បាន​ចាប់ផ្តើម​ឡើង​តាំង​ពីចុង​ឆ្នាំ​២០២២ ហើយតាមផែនការគ្រោងទុក វារីអគ្គិសនី​នេះនឹងបញ្ចប់​ការសាងសង់​​ទាំងស្រុង និង​ចាប់ផ្តើម​​ដាក់​ឱ្យ​​ដំណើរការ​ផលិតថាមពលអគ្គិសនី​បញ្ជូន​ទៅ​បណ្តាញជាតិ​ជាផ្លូវការ​នៅ ចុងឆ្នាំ២០២៦ ខាងមុខនេះ។

វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នឹង​មាន​សមត្ថភាព​ផលិតថាមពល​អគ្គិសនី​ស្អាត​បាន​ប្រមាណ ៣៦៩លាន​គីឡូ​វ៉ាត់​ម៉ោង (369 GWh) ក្នុងមួយឆ្នាំ ដែល​ជា​ការរួមចំណែក​យ៉ាង​ធំធេង​​ដល់​ការ​អភិវឌ្ឍ​​ប្រកប​​ដោយ​ចីរភាព​របស់​កម្ពុជា។