ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេស សម្រាប់អនុវត្តចាប់ពីវេលាម៉ោង ១រសៀល ថ្ងៃទី១ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ដោយក្នុងនោះ ប្រេងសាំងធម្មតា ត្រូវលក់ក្នុងតម្លៃ ៥ ១៥០រៀល/លីត្រ និងប្រេងម៉ាស៊ូត ត្រូវលក់ក្នុងតម្លៃ ៥ ៦៥០រៀល/លីត្រ។

តាមសេចក្ដីជូនដំណឹងដដែលនេះ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងបន្ថែមថា រាជរដ្ឋាភិបាលបាន ១. បន្ទុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ២. បន្ថយពន្ធ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារ/បារ៉ែល ៣. ពន្ធគយ ០ (សូន្យ) ដុល្លារ។
ទន្ទឹមនឹងនោះ ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត៕


