មហាសេដ្ឋីមានដាច់គេនៅលើពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានសម្រេចវិលត្រឡប់មកទទួលតួនាទីជាទីប្រឹក្សានៃរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ វិញ ដោយសហការដឹកនាំការសិក្សាស្រាវជ្រាវអំពីអនាគតនៃសង្គ្រាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានប្រកាសពីគម្រោងថ្មីមួយឈ្មោះ “Project Meridian” កាលពីថ្ងៃទី៣០ ខែកញ្ញា ដោយថ្លែងថា នេះជាកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយមនុស្សមានខួរក្បាលឆ្នើមៗបំផុតរបស់អាមេរិក ដើម្បីសិក្សាអំពីអនាគតនៃសង្គ្រាម។
គួរឲ្យដឹងថាមហាសេដ្ឋី Elon Musk នឹងសហការដឹកនាំគម្រោងនេះជាមួយលោក Palmer Luckey ដែលជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិ Anduril Industries និងលោក Newt Gingrich អតីតប្រធានសភាតំណាងរាស្ត្រអាមេរិកផងដែរ។
ជម្រាបជូនថា កន្លងមក លោក Musk ធ្លាប់បានដឹកនាំការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា (DOGE) មុនពេលចាកចេញពីរដ្ឋបាលរបស់លោក ត្រាំ វិញនៅក្នុងខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីបានសម្តែងការមិនយល់ស្របជាសាធារណៈជាមួយប្រធានាធិបតីអាមេរិករូបនេះ ទៅលើសេចក្តីព្រាងច្បាប់នៃការចំណាយ។ បន្ទាប់មក មហាសេដ្ឋីរូបនេះនៅតែបន្តគាំទ្រគណបក្សសាធារណរដ្ឋ ដោយបានបរិច្ចាគប្រាក់រាប់លានដុល្លារដល់បេក្ខជនម្នាក់ៗ និងក្រុមនយោបាយអភិរក្សនិយមថែមទៀតផង៕

