រដ្ឋមន្ត្រីអ៊ុយក្រែនបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការរំខានដល់សេដ្ឋកិច្ចដែលបណ្តាលមកពីការព្រមានអំពីការវាយប្រហារតាមអាកាស កំពុងធ្វើឱ្យប្រទេសជាតិខាតបង់ថវិកាអស់ប្រមាណ ៤៥លានដុល្លារក្នុងមួយម៉ោង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

លោក Oleksandr Kravchenko រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងបរិស្ថានអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃទី៣០ ខែកញ្ញា ថា៖ “រុស្ស៊ីកំពុងបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃសេដ្ឋកិច្ចអ៊ុយក្រែន ដោយបានវាយប្រហារលើតំបន់ឧស្សាហកម្ម ឃ្លាំងស្តុកទំនិញ មជ្ឈមណ្ឌលដឹកជញ្ជូន និងមជ្ឈមណ្ឌលទិន្នន័យជាច្រើន។ នេះគឺជាការព្យាយាមបំផ្លាញសេដ្ឋកិច្ចស្ទើរតែទាំងស្រុងរបស់យើង”។
យោងតាមលោក Kravchenko បានបង្ហាញទៀតថាសកម្មភាពអាជីវកម្មជាច្រើនត្រូវបង្ខំចិត្តបញ្ឈប់ប្រតិបត្តិការទាំងស្រុង ខណៈពេលដែលប្រជាជនត្រូវរត់ទៅជ្រកកោននៅក្នុងជម្រកក្រោមដី បន្ទាប់ពីមានការព្រមានអំពីការវាយប្រហារតាមអាកាស ដែលពេលខ្លះមានរហូតដល់ ១០ម៉ោង។ ស្ថានភាពនេះបានធ្វើឱ្យអ៊ុយក្រែនខាតបង់ប្រាក់រហូតដល់ ៤៥លានដុល្លារក្នុងមួយម៉ោងៗ។
មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីរូបនេះបានប៉ាន់ប្រមាណថា គ្រាន់តែក្នុងឆ្នាំ២០២៦នេះ ការវាយប្រហាររបស់រុស្ស៊ីបានបង្កការខូចខាតដល់ទ្រព្យសកម្មថេរអស់ប្រហែល ១០ពាន់លានដុល្លាររួចហើយ ដោយក្នុងនោះរួមមាន រោងចក្រផលិតដែក ឃ្លាំងស្តុកទំនិញ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងចុងក្រោយនេះគឺ មជ្ឈមណ្ឌលទិន្នន័យ។ រុស្ស៊ីក៏បានបិទខ្ទប់យ៉ាងតឹងរ៉ឹងលើកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដែលពីមុនជាកន្លែងដោះស្រាយការនាំចេញភាគច្រើនរបស់ប្រទេសផងដែរ៕

