ក្រសួងអភិវឌ្ឍន៍ជនបទ ត្រៀមស្ដារផ្លូវ ៣ ខ្សែនៅបាត់ដំបងឡើងវិញ ក្រោយរងការខូចខាតដោយទឹកជំនន់

សង្គម​ និង​សេដ្ឋកិច្ច

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពផ្លូវជនបទចំនួន ៣ ខ្សែ ក្នុងស្រុកសង្កែ និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀង រហូតឈានដល់ការផ្អាកចរាចរណ៍រថយន្តជាបណ្ដោះអាសន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្លូវដែលរងការខូចខាតទាំង ៣ ខ្សែនេះ សុទ្ធសឹងជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) រួមមាន៖ ផ្លូវបោះពោធិ៍-សំរោងកោងទួលល្វៀង, ផ្លូវដំបូកខ្ពស់-វត្តកណ្ដាល និងផ្លូវរ៉ា-ស្ពាន ដោយរងផលប៉ះពាល់ពីទឹកហូរច្រោះជើងទេរ និងហូរកាត់តួផ្លូវជាច្រើនកន្លែង។

ដើម្បីដោះស្រាយការលំបាកចំពោះមុខរបស់ប្រជាពលរដ្ឋ, លោករដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំផ្លូវវាង ឬសង់ស្ពានឈើបណ្ដោះអាសន្នជាបន្ទាន់។ ទន្ទឹមនឹងនេះ លោក ឆាយ ឫទ្ធិសែនក៏បានបញ្ជាឱ្យក្រុមការងារចុះស្រង់ទិន្នន័យ និងត្រៀមផែនការបច្ចេកទេស ដើម្បីជួសជុលស្ដារគុណភាពផ្លូវទាំងនេះឡើងវិញភ្លាមៗនៅពេលទឹកស្រក សំដៅធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងបង្ការហានិភ័យទៅថ្ងៃអនាគត៕