ពលរដ្ឋជិត៦ម៉ឺននាក់ ជិះរថយន្តក្រុងឥតគិតថ្លៃ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ

សង្គម​និង​សេដ្ឋកិច្ច

ប្រជាពលរដ្ឋប្រមាណជិត៦ម៉ឺននាក់ បានជិះរថយន្តក្រុងឥតគិតថ្លៃទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅស្រុកកំណើតតាម​បណ្តាខេត្តនានា នៅក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ។ នេះបើតាម​ការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ម៉េត មាសភក្តី បានបន្តថា បានកត់សម្គាល់ថា ចំនួនអ្នកជិះរថយន្តក្រុង ប្រមាណជិត៦ម៉ឺននាក់​នៅក្នុងឳកាសបុណ្យ​ភ្ជុំបិណ្ឌ​នេះ គឺមានការកើនឡើងបើប្រៀបធៀប ទៅនឹងការដឹកជញ្ជូនកាលពីបុណ្យឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ ។ ខេត្ត​ដែល​មានពលរដ្ឋជិះរថយន្តក្រុងទៅច្រើន មានចំនួន៣ខេត្ត រួមមាន ខេត្តសៀមរាបមានចំនួនជាង១ម៉ឺន៥ពាន់នាក់ ខេត្តបាត់​ដំបង មានចំនួនជិត១ម៉ឺននាក់ និងខេត្តបន្ទាយមានជ័យ មានចំនួនជិត១ម៉ឺននាក់។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បន្តថា ក្នុងអំឡុងពេលដឹកជញ្ជូនអ្នកដំណើរនៅក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺមិន​មានបញ្ហាអ្វី​កើតឡើងគួរឲ្យកត់សម្គាល់ ពោលគឺការដឹកជញ្ជូនបានដំណើរការដោយ រលូនប្រកបដោយ​សុខ​សុវត្ថិភាព​ល្អ​ប្រសើរ។ ជាមួយគ្នានេះ ពលរដ្ឋគ្រប់មជ្ឈដ្ឋានក៏បានសាទរ និងថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ចំពោះការបន្តផ្តល់រថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើតតាមបណ្តាខេត្តនានា នៅក្នុង​ឳកាសពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ។

គួរបញ្ជាក់ថា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅស្រុកកំណើត​ជួបជុំក្រុមគ្រួសារ​នៅក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងចំនួន​៤៥៥គ្រឿង សម្រាប់ដឹកពលរដ្ឋដោយឥតគិតថ្លៃ ។

ក្នុងនោះរថយន្តក្រុងចំនួន ៣៩៥គ្រឿង សម្រាប់អ្នកធ្វើដំណើរទៅមកស្រុកកំណើតតាមបណ្តាខេត្តនានា និងចំនួន៦០​គ្រឿងទៀតសម្រាប់ដឹកពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។ ប្រតិបត្តិការដឹកអ្នកដំណើរ បានធ្វើឡើងរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅមកស្រុកកំណើតនៅតាមបណ្តាខេត្តនានា៕