ស្រ្តីទី១កម្ពុជា ទទួលជួបពិភាក្សាការងារ និងរឹតចំណងមិត្តភាពទ្វេភាគី ជាមួយម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី

សង្គម​ និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា (H.H. TUNKU PUTERI INTAN SAFINAZ) ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី និងគណៈប្រតិភូ ក្នុងឱកាសដែលទ្រង់បានយាងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តមបណ្ឌិត សាហារ៉ូឌីន អ៊ុន (H.E. Dr. Shaharuddin Onn) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌រវាងសមាគមជាតិទាំងពីរ (កាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហមម៉ាឡេស៊ី) ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ក៏ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះនៅក្នុងតំបន់។

គួរបញ្ជាក់ថា ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី និងគណៈប្រតិភូ បានយាងនិងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនាមជាសមាជិកគ្រួសារចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិដូចគ្នា៕