អង្គការនាំចេញប្រេងកំពូលលើលោក OPEC+ ប្រកាសថានឹងមិនបង្កើនផលិតកម្មប្រេងទៀតនោះឡើយ

អន្តរជាតិ

អង្គការនៃប្រទេសនាំចេញប្រេង និងប្រទេសជាសម្ព័ន្ធមិត្តិ (OPEC+) បានប្រកាសបន្ទាប់ពីកិច្ចប្រជុំមួយនៅថ្ងៃទី៤ ខែតុលា ដោយព្រមព្រៀងរក្សាគោលដៅផលិតកម្មរបស់ខ្លួនឲ្យនៅថេរ ពោលគឺមិនបង្កើនថែមទៀតនោះឡើយ សម្រាប់ខែវិច្ឆិកាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការសម្រេចចិត្តនេះគឺស្របទៅនឹងការព្យាកររបស់អ្នកសង្កេតការណ៍ដែលថា OPEC+ នឹងមិនធ្វើការកែសម្រួលផលិតកម្មរបស់ខ្លួនទៀតនោះទេរហូតដល់ដើមឆ្នាំក្រោយ។

លោក Giovanni Staunovo អ្នកវិភាគនៅធនាគារ UBS បានលើកឡើងថា៖ “ចំណាត់ការរបស់ OPEC+ បង្ហាញថា ទោះបីជាលំហូរប្រេងតាមច្រកសមុទ្រ Hormuz មានការកើនឡើងក៏ដោយ ក៏ផលិតកម្មជាក់ស្តែងរបស់ពួកគេនៅតែទាបជាងកូតាដែលបានកំណត់ពីមុន។ ពោលគឺ ទីផ្សារប្រេងនៅតែមានភាពតូចចង្អៀតនៅឡើយ”។

គួរឲ្យដឹងផងដែរថា បណ្តាប្រទេសជាសមាជិករបស់ OPEC+ នៅតំបន់ឈូងសមុទ្រ មិនអាចសម្រេចបានតាមគោលដៅផលិតកម្មនោះទេ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ ការនាំចេញរបស់ពួកគេបានប្រែប្រួលក្នុងរង្វង់ពី ៦០% ទៅ ៨០% នៃកម្រិតធម្មតានៅក្នុងប៉ុន្មានខែថ្មីៗនេះ។

យោងតាមទិន្នន័យរបស់ OPEC បានបង្ហាញថា នៅក្នុងខែសីហា សមាជិកសំខាន់ៗទាំង ៧ របស់ក្រុមនេះ បានបូមប្រេងចំនួន ២៥ លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺកើនឡើង ៦៣០ ០០០ បារ៉ែល បើប្រៀបធៀបនឹងខែមុន។ តែទោះជាយ៉ាងណាក៏ដោយ តួលេខនេះនៅតែទាបជាងមុនពេលមានជម្លោះចំនួន ៥ លានបារ៉ែលក្នុងមួយថ្ងៃ។ សមាជិកស្នូលនៃក្រុមនេះនាពេលបច្ចុប្បន្ន រួមមាន ប្រទេសអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ គូវ៉ែត អាល់ហ្សេរី កាហ្សាក់ស្ថាន និងអូម៉ង់ជាដើម៕​