សម្តេចធិបតី ផ្តល់អនុសាសន៍៦ចំនុច នៅក្នុងមហាសន្និបាតសហព័ន្ធ​អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុ​ន ម៉ាណែត បានចែករំលែក និងផ្តល់អនុសាសន៍សំខាន់ៗចំនួន៥ នៅក្នុងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាននាព្រឹក​ថ្ងៃ​ទី៥ ខែតុលា ឆ្នាំ២០២៦នេះ។ការផ្តល់ទស្សនៈនេះ គឺធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីបើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែកទស្សនៈ និងអនុសាសន៍សំខាន់ៗមួយចំនួនជូនមហាសន្និបាតរួមមាន៖ទី១៖ យើងត្រូវបន្តរួមគ្នាថែរក្សា និងលើកកម្ពស់តម្លៃនៃសន្តិភាព ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងវិបុលភាពរបស់តំបន់។ទី២៖ យើងត្រូវពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជននៃបណ្ដាប្រទេសអាស៊ាន។ សូមលើកទឹកចិត្ត VECONAC ឱ្យបន្តបម្រើការជាស្ពាន និងផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អបំផុត ខណៈពេលដែលលើកកម្ពស់កម្មវិធី និងគម្រោងរួមគ្នាដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់អតីតយុទ្ធជន។

ទី៣៖ យើងត្រូវកំណត់ការកែលម្អគុណភាពជីវិត និងសុខុមាលភាពរបស់អតីតយុទ្ធជនជាស្នូលនៃកិច្ចសហប្រតិបត្តិការ។ សូមលើកទឹកចិត្ត VECONAC និងសមាគមសមាជិក ឱ្យបន្តផ្តល់អាទិភាពដល់សុខភាព ការការពារសង្គម ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជន។ទី៤៖ យើងត្រូវលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនជាអ្នកអប់រំសន្តិភាព និងជាស្ពានតភ្ជាប់អតីតកាលទៅបច្ចុប្បន្ន និងអនាគត។ បទពិសោធន៍របស់អតីតយុទ្ធជន បម្រើជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។ VECONAC គួរតែលើកទឹកចិត្តការចែករំលែកបទពិសោធន៍ និងការយល់ដឹងអំពីតម្លៃនៃសន្តិភាព ការផ្សះផ្សា សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមកដល់យុវជន។ទី៥៖ VECONAC គួរតែមានភាពសកម្ម ធន់ ដើម្បីឆ្លើយតបទៅនឹងបរិបទរបស់តំបន់។និងទី៦៖ ស្មារតី VECONAC គួរតែត្រូវបានថែរក្សា និងលើកកម្ពស់ ដើម្បីបម្រើជាកម្លាំងបង្រួបបង្រួមនៅក្នុងសហគមន៍អាស៊ាន។

ជាថ្មីម្តងទៀ សម្តេចធិបតីជឿថា មហាសន្និបាតលើកទី២៥ នេះនឹងសម្គាល់នូវព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងការបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអតីតយុទ្ធជននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន និងការបន្តលើកកម្ពស់តួនាទីរបស់ VECONAC ឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព៕អត្ថបទ៖ហ្សាលីន