ច្បាប់ថវិកាជាតិឆ្នាំ២០២៣ ដាក់ឲ្យប្រើជាផ្លូវការ ខណៈរដ្ឋាភិបាលគ្រោងប្រមូលចំណូលឲ្យបានជាង ៨ពាន់លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលជាច្បាប់ថវិកាជាតិ ត្រូវបានព្រះមហាក្សត្រប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ច្បាប់ថវិកាជាតិឆ្នាំ២០២៣នេះ កម្រាស់៤២ទំព័រ មាន៥ជំពូក និង១៤មាត្រា ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ដែលត្រូវបានព្រឹទ្ធសភា ពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់ទាំងស្រុង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នាសម័យប្រជុំពេញអង្គលើកទី៥ នីតិកាលទី៤។

នៅក្នុងច្បាប់ថវិកាជាតិឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៩ពាន់លានដុល្លារ និងប្រមូលចំណូលឲ្យបានជាង ៨ពាន់លានដុល្លារ។

ខ្លឹមសារសេចក្តីសង្ខេបសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា គម្រោងចំណូល និងចំណាយក្នុងច្បាប់ថវិកាជាតិឆ្នាំ២០២៣ បង្កើតឲ្យមានឱនភាពថវិកាសរុបស្មើនឹង -៧.៥៤% នៃផសស។ ឱនភាពនេះ ត្រូវបានបំពេញតុល្យភាពដោយ៖ ១- ហិរញ្ញប្បទានក្រៅប្រទេស ក្នុងទំហំ ៤,៧០% នៃ ផសស, ២- មូលនិធិទ្រទ្រង់ថវិកា ក្នុងទំហំ ០.៩៨% នៃ ផសស, ៣- ប្រាក់បញ្ញើរាជរដ្ឋាភិបាល ក្នុងទំហំ ១.៨៦% នៃ ផសស ស្មើនឹង ២ ៤៣៩ ប៊ីលានរៀល ឬសមមូលនឹង៦០០លានដុល្លារអាមេរិក និងការបោះផ្សាយមូលបត្ររដ្ឋ ចំនួន ៨១៣ ប៊ីលានរៀល ឬសមមូលនឹងប្រមាណ ២០០ លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការចំណាយ ទាំងចំណាយចរន្ត និងចំណាយវិនិយោគសាធារណៈ ជាពិសេសសម្រាប់ការបន្តអនុវត្តកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងបរិការណ៍នៃការរស់នៅជាមួយនឹងជំងឹកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងការត្រៀមដោះស្រាយថវិកាសម្រាប់អគ្គិសនីកម្ពុជា ដើម្បីធានាស្ថេរភាពថ្លៃអគ្គិសនី កុំឱ្យកើនលើសកម្រិតថ្លៃកំពុងអនុវត្តបច្ចុប្បន្ន ជូនប្រជាពលរដ្ឋប្រើប្រាស់។

ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ថវិកាឆ្នាំ ២០២៣ ត្រូវបានគិតគូរផងដែរ ដល់ការធានាជោគជ័យនៃកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣៕