ឧកញ៉ា គួច ផេង តំណាងអ្នកឧកញ៉ា គិត ម៉េង ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូស្ថានបេសកកម្មចក្រភពអង់គ្លេស ប្រចាំនៅអាស៊ាន

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៥ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ម៉ាហ្កាលី លូតា (Magali Loota) លេខាទី២ទទួលបន្ទុកផ្នែកសេដ្ឋកិច្ចនៃស្ថានបេសកកម្មចក្រភពអង់គ្លេសប្រចាំនៅអាស៊ាន និង លោក ក្លូឌីយ៉ូ ខតឌី (Claudio Dordi) ប្រធាន Cadmus International។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចពិភាក្សានេះបានផ្តោតលើការអនុវត្ត កម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស (AEIP) និងពិនិត្យមើលលទ្ធភាពក្នុងការជំរុញគម្រោងពាណិជ្ជកម្មបើកចំហរ ដែលមានគោលដៅចម្បង៖

– កាត់បន្ថយរបាំងមិនមែនពន្ធគយ (NTBs) តាមរយៈការអនុវត្តប្រព័ន្ធពាណិជ្ជកម្មឌីជីថលថ្មីៗ និងការសម្រួលនីតិវិធីគយ។

– លើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប។

– ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់សហគ្រាសធុនតូច និងមធ្យម (MSMEs) កម្ពុជា ជាពិសេសសហគ្រិនស្ត្រី ដើម្បីឱ្យពួកគេអាចចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងអន្តរជាតិ។

ជាលទ្ធផល ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ និង ប្តេជ្ញាចិត្តរួមគ្នា ក្នុងការកំណត់យុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីសម្រេចបានគោលដៅទាំងនេះ រួមចំណែកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា អាស៊ាន និងចក្រភពអង់គ្លេស៕