លោក ជា ច័ន្ទបរិបូណ៍៖ បេសកកម្មការទូតនៅសម័យថ្មី មិនគួរត្រូវបានកំណត់ត្រឹមពិធីការ កិច្ចប្រជុំ និងទំនាក់ទំនងរដ្ឋនឹងរដ្ឋប៉ុណ្ណោះទេ

សង្គម​ និង​សេដ្ឋកិច្ច

ការទូតសេដ្ឋកិច្ចសម័យថ្មី ត្រូវតែដើរហួសពីក្របខ័ណ្ឌពិធីការ ដើម្បីស្វែងរកផលប្រយោជន៍ជាក់ស្តែងជូនជាតិ និងប្រជាជន។ នេះជាការលើកឡើងរបស់ លោក ជា ច័ន្ទបរិបូណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី ដែលបានបង្ហាញទស្សនទានថា បេសកកម្មការទូតនៅសម័យបច្ចុប្បន្ន មិនគួរកំណត់ត្រឹមតែពិធីការផ្លូវរដ្ឋ ឬកិច្ចប្រជុំទូទៅនោះទេ ប៉ុន្តែត្រូវផ្តោតលើការស្វែងរកឱកាសពិតប្រាកដសម្រាប់ប្រទេសជាតិ ធុរកិច្ច និងប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជា ច័ន្ទបរិបូណ៍ បានទម្លាយឱ្យដឹងពីលទ្ធផលផ្លែផ្កានៃការទូតសេដ្ឋកិច្ច ដែលចាប់ផ្តើមចេញពី «ត្រកួនមួយក្តាប់»។ វាជាគំនិតផ្តួចផ្តើមតាំងពីដើមឆ្នាំ២០២៥ ក្នុងជំនួបជាមួយវិស្វករកសិកម្មប៊ុលហ្គារីម្នាក់ ដែលជាមិត្តចាស់របស់លោក។ គំនិតតូចមួយនេះ បានប្រែក្លាយទៅជាការពិសោធន៍ដាំដុះបន្លែជាច្រើនប្រភេទ ដែលស្របតាមរសជាតិ និងតម្រូវការរបស់ប្រជាជនខ្មែរ ក៏ដូចជាសហគមន៍អាស៊ីនៅអឺរ៉ុប។

លោកទូតបានសង្កត់ធ្ងន់ថា៖ «យើងមិនគ្រាន់តែសួរថា តើអាចដាំបានឬទេ? ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបន្តសួរថា តើអាចដាំប្រកបដោយគុណភាព មានបរិមាណគ្រប់គ្រាន់ និងអាចនាំចូលទៅក្នុងខ្សែសង្វាក់ទីផ្សារបានឬទេ? នេះហើយជាចំណុចដែលការទូតសេដ្ឋកិច្ចត្រូវចូលរួម ដោយភ្ជាប់អ្នកផលិតទៅអ្នកទិញ ភ្ជាប់បច្ចេកទេសទៅទីផ្សារ និងភ្ជាប់គំនិតទៅជាអាជីវកម្មជាក់ស្តែង»។

សាធារណរដ្ឋប៊ុលហ្គារី មានសក្តានុពលខ្លាំងលើវិស័យកសិកម្ម និងមានបទពិសោធន៍ផលិតកម្មក្នុងទីផ្សារសហភាពអឺរ៉ុប (EU) ខណៈសហគមន៍ខ្មែរ និងអាស៊ីនៅប្រទេសបារាំង ក៏ដូចជាបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត មានតម្រូវការខ្ពស់លើបន្លែ និងគ្រឿងទេសខ្មែរ។ ការភ្ជាប់សក្តានុពលទាំងពីរនេះ នឹងធ្វើឱ្យប៊ុលហ្គារីក្លាយជាចំណុចយុទ្ធសាស្ត្រនៃខ្សែសង្វាក់ផលិតកម្ម និងចែកចាយបន្លែខ្មែរទៅកាន់ទីផ្សារអឺរ៉ុប។

ដើម្បីប្រែក្លាយទស្សនវិស័យនេះជាការពិត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ស្ថានទូតកម្ពុជានឹងរៀបចំជំនួបពិភាក្សាជាក់ស្តែងមួយជាមួយពាណិជ្ជករខ្មែរនៅប្រទេសបារាំង។ ជំនួបនេះនឹងដោះស្រាយសំណួរគន្លឹះៗអំពីតម្រូវការទីផ្សារ បរិមាណ គុណភាព ការវេចខ្ចប់ ការដឹកជញ្ជូន និងលទ្ធភាពបង្កើតខ្សែសង្វាក់អាជីវកម្មដែលមាននិរន្តរភាពរយៈពេលវែង។

លោក ជា ច័ន្ទបរិបូណ៍ បានសន្និដ្ឋានថា ទោះបីជាការងារការទូតសេដ្ឋកិច្ចបែបនេះត្រូវការពេលវេលា និងភាពអត់ធ្មត់ ដោយចាប់ផ្តើមពីចំណុចតូចៗ ប៉ុន្តែវាជាកាតព្វកិច្ចរបស់ឯកអគ្គរាជទូត ក្នុងការបើកទ្វារ បង្កើតបណ្តាញ និងប្រែក្លាយទំនាក់ទំនងមិត្តភាពរវាងរដ្ឋ និងរដ្ឋ ឱ្យទៅជាផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែងសម្រាប់ប្រជាជន ពីទ្រឹស្តីទៅជាការអនុវត្តពិតប្រាកដ៕