នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់ និងជាបេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំទាំង៧ សម្រាប់អាណត្តិទី៦ ឆ្នាំ២០២៧ សរុបចំនួន ១២៣នាក់។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះជួយស្រុក-ឃុំ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត-ស្រុក ក្រុមប្រឹក្សាឃុំ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ លោកអ្នកឧកញ៉ា បានណែនាំឱ្យបេក្ខជនមានស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងកិច្ចសហការល្អក្នុងការបំពេញភារកិច្ច។ លោកអ្នកឧកញ៉ាបានគូសបញ្ជាក់ថា ទោះបីជាក្រុមការងារបានបូកសរុបរួចរាល់តែមិនទាន់ប្រកាសជាផ្លូវការយ៉ាងណាក្តី សូមបេក្ខជនទាំងអស់កុំមានការអាក់អន់ស្រពោនចិត្ត ប្រសិនបើពុំមានឈ្មោះជាប់ក្នុងបញ្ជីក្រុមប្រឹក្សាសម្រាប់អាណត្តិនេះ ពីព្រោះលទ្ធផលទាំងនេះកើតចេញពីឆន្ទៈ និងការសម្រេចចិត្តដ៏ពិតប្រាកដរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះការលះបង់ បន្ទាប់ពីដំណើរការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យនៅតាមឃុំទាំង៧ លោកអ្នកឧកញ៉ា ទ្រី ភាព បានឧបត្ថម្ភថវិកាជូនដល់បេក្ខជនឈរឈ្មោះសរុប ១២៣នាក់ (ស្រី ៣៣នាក់) ដោយក្នុងម្នាក់ៗទទួលបានថវិកា ២០០.០០០រៀល ព្រមទាំងអាហារសម្រន់ម្នាក់មួយកញ្ចប់។
គួរបញ្ជាក់ផងដែរថា ថវិកាសរុបដែលបានចំណាយលើការរៀបចំដំណើរការបោះឆ្នោតស្ទាបស្ទង់ ពិធីសំណេះសំណាល និងការចំណាយផ្សេងៗក្នុងកម្មវិធីនេះ មានចំនួនប្រមាណ ៧៤.៦០០.០០០រៀល៕







