បងប្អូនពលករ ពលការិនី និងសហគមន៍ខ្មែរប្រមាណជាង ១,៥០០នាក់ បានជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅសាធារណរដ្ឋកូរ៉េ ក្រោមវត្តមានចូលរួមពី លោក សេង សក្តា រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។

កម្មវិធីនេះ រៀបចំឡើងដោយសហគមន៍កម្ពុជាស្ម័គ្រចិត្តអឺយចុងប៊ូ ក្នុងគោលបំណងឧទ្ទិសកុសលជូនបុព្វការីជន និងវីរកងទ័ពដែលបានពលី ព្រមទាំងដើម្បីបង្កើតបរិយាកាសសាមគ្គីភាព និងបង្ហាញពីការរួមគ្នាថែរក្សាអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីខ្មែរដ៏ល្អផូរផង់ ទោះបីកំពុងរស់នៅ និងបំពេញការងារឆ្ងាយពីមាតុភូមិក៏ដោយ។
នាឱកាសនោះ លោក សេង សក្តា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះបងប្អូនពលករទាំងអស់។
ទន្ទឹមនឹងនេះ លោក សេង សក្តា ក៏បានលើកទឹកចិត្តឱ្យបងប្អូនបន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីលទ្ធភាព ប្រកាន់ខ្ជាប់នូវការគោរពច្បាប់ បទបញ្ជាផ្ទៃក្នុង និងវប្បធម៌នៃប្រទេសម្ចាស់ផ្ទះ ដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរនៅលើឆាកអន្តរជាតិ៕










