ស្វាគមន៍ភ្ជុំបិណ្ឌ! ជាងជំនាញ ៨០នាក់ ចុះកាត់សក់ ជូនបងប្អូនកម្មករជាង ៥០០នាក់ ដោយឥតគិតថ្លៃ នៅខណ្ឌពោធិ៍សែនជ័យ

សង្គម​ និង​សេដ្ឋកិច្ច

បងប្អូនកម្មករ និយោជិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង ៥០០នាក់ បានទទួលសេវាកាត់សក់ គាបសក់ ដោយឥតគិតថ្លៃ ពីកម្មវិធី កាត់សក់បង្កក់សិរី នាភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះ រៀបចំឡើងដោយក្រសួងការងារ សហការជាមួយសមាគមមិត្តយើង ដោយមានការចូលរួមពីក្រុមជាងជំនាញប្រមាណ ៨០នាក់ ក្នុងគោលបំណងសួរសុខទុក្ខ ផ្សារភ្ជាប់ទំនាក់ទំនង ផ្សព្វផ្សាយឱកាសការងារ និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងជួយលើកសម្រស់ និងកាត់បន្ថយការចំណាយរបស់បងប្អូនមុនពេលវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងសាធារណៈរហូតដល់ ៦០០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនកម្មករ និងប្រជាពលរដ្ឋទៅលេងស្រុកកំណើត និងធ្វើដំណើរត្រឡប់មកវិញដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ តទៅ។

ទន្ទឹមនឹងនេះ លោក ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ទ្រទ្រង់ដល់ខ្សែច្រវាក់ផលិតកម្ម និងកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបានជូនពរឱ្យបងប្អូនទទួលបាននូវសេចក្តីសុខ សុវត្ថិភាពក្នុងការធ្វើដំណើរ និងភាពសប្បាយរីករាយក្នុងរដូវបុណ្យប្រពៃណីជាតិនេះ៕