ចិននឹងបន្តពិគ្រោះយោបល់ពិនិត្យទីតាំងបណ្តាក់ទុនបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

គណៈប្រតិភូវិនិយោគិនចិន នាពេលថ្មីៗនេះបានជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដើម្បីសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគនិងកាលានុវត្តភាពវិនិយោគ ព្រមទាំងសិក្សាលម្អិតអំពីនីតិវិធីនិងបទប្បញ្ញត្តិពាក់ព័ន្ធនានាក្នុងការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញអំពីកញ្ចប់លើកទឹកចិត្តប្រកបដោយភាពទាក់ទាញលើសកម្មភាពវិនិយោគក្នុងវិស័យយានយន្ត ក៏ដូចជាយន្តការផ្ដល់កិច្ចសម្រួលការវិនិយោគបរទេស និងក្នុងស្រុក ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគនៃកម្ពុជា។

បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានលើកឡើងអំពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍន៍វិស័យយានយន្ដនិងអេឡិចត្រូនិកនៅកម្ពុជាដែលជាឧបករណ៍ សម្រាប់វិនិយោគិនក្នុងការស្វែងយល់អំពីសក្ដានុពលរបស់វិស័យយានយន្ត និងអេឡិចត្រូនិកក្នុងបរិកបទនៃការអភិវឌ្ឍនៅកម្ពុជា, បញ្ហាប្រឈមនិងវិធានការគន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ទន្ទឹមនឹងនេះ CDC ក៏បានលើកទឹកចិត្តឱ្យគណៈប្រតិភូពិនិត្យលទ្ធភាពក្នុងការដាក់ពាក្យស្នើសុំវិនិយោគឱ្យបានឆាប់ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមាពីកញ្ចប់លើកទឹកចិត្តស្របតាមច្បាប់ជាធរមាន។

នៅក្នុងឪកាសជំនួបនោះដែរ គណៈប្រតិភូវិនិយោគិនចិន បានគូសបញ្ជាក់ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសម្រួលវិនិយោគតាមរយៈការរៀបចំ និងសម្របសម្រួលកិច្ចពិភាក្សានាពេលនេះប្រកបដោយភាពស្និទ្ធស្នាល ហើយគណៈប្រតិភូបានសម្តែងនូវភាពវិជ្ជមានក្នុងការបន្តពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធដើម្បីពិនិត្យលទ្ធភាពដើម្បីបណ្តាក់ទុនវិនិយោគរបស់ខ្លួននៅលើទីតាំងវិនិយោគប្រកបដោយសក្ដានុពលនាពេលដ៏ខ្លីខាងមុខ។

សូមជម្រាបជូនថា បច្ចុប្បន្ននៅប្រទេសកម្ពុជាមានរោងចក្រ និងគម្រោងដំឡើងរថយន្តជាច្រើនក្រុមហ៊ុនដូចជាក្រុមហ៊ុន Hyundai Camko Motor, ក្រុមហ៊ុន Daehan Auto និងក្រុមហ៊ុន RMA Cambodia (Ford)។ ក្រុមហ៊ុនទាំង៣នេះ គឺនាំចូលគ្រឿងបង្គំ ដើម្បីតំឡើងជារថយន្ដថ្មី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដោយមិនមានការចេញនោះទេ។

សម្រាប់ក្រុមហ៊ុនចំនួន ៥ផ្សេងទៀតដែលកំពុងរៀបចំ និងត្រៀមបើកដំណើរការ រួមមាន៖ ក្រុមហ៊ុន HGB Motors Assembly, ក្រុមហ៊ុន EM Automotive, ក្រុមហ៊ុន GTV Motor, ក្រុមហ៊ុន Toyata Tsusho Manufacturing, ក្រុមហ៊ុន China Matrix Technology Group-Horche ៕