កម្ពុជា ប្តេជ្ញារួមគ្នាជាមួយអាស៊ាន ចែករំលែកឧត្តមានុវត្តន៍ក្នុងការលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ និងចែករំលែកឧត្តមានុវត្តន៍ក្នុងការលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជននៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពេលសម្តេចធិបតី  នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «មហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន»កាលថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី បានបញ្ជាក់ថា ការរៀបចំមហាសន្និបាត VECONAC នៅកម្ពុជា គឺជាឱកាសដ៏សំខាន់សម្រាប់អតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន ក្នុងការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាជាមួយអាស៊ាន ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកឧត្តមានុវត្តន៍ក្នុងការលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន។

សម្តេចធិបតីបន្តថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានចូលជាសមាជិក VECONAC តាំងពីឆ្នាំ២០១០ ដោយបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងបានពង្រឹងទំនាក់ទំនងជាមួយសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសជាមិត្ត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការនានា។

តាមរយៈមហាសន្និបាតនោះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជន និវត្តជន ជនមានពិការភាព និងគ្រួសារជនពលី មរណៈ តាមរយៈការពង្រឹងប្រព័ន្ធសន្តិសុខសង្គម សេវាថែទាំសុខភាព និងការគាំពារសង្គមជាដើម។

រដ្ឋាភិបាល ក៏បានបង្ហាញពីវិធានការគាំពារសំខាន់ៗដូចជា៖ ការផ្តល់របបសន្តិសុខសង្គម និងសេវាថែទាំសុខភាព ការឧបត្ថម្ភគ្រួសារជនពលី មរណៈ ការផ្តល់ដីសម្បទានសង្គមកិច្ច និងសាងសង់លំនៅឋាន ព្រមទាំងការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលជំនាញដល់កូន និងអ្នកក្នុងបន្ទុករបស់អតីតយុទ្ធជន និងនិវត្តជនក្រីក្រ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានផ្តល់ដីសម្បទានសង្គមកិច្ច ដើម្បីបន្តជំរុញការរៀបចំភូមិដ្ឋានអតីតយុទ្ធជន និងនិវត្តជន ដោយផ្តោតលើការផ្តល់ឱកាសឱ្យអតីតយុទ្ធជន និវត្តជន និងគ្រួសារជនពលី មរណៈ ដែលមានជីវភាពលំបាក អាចបង្កើតមុខរបរ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ៕