អាល្លឺម៉ង់ ប្រកាសផ្តល់ជំនួយបន្ថែមចំនួន ១,៥ពាន់លានដុល្លារ ទៅកាន់ប្រទេសអ៊ុយក្រែន

អន្តរជាតិ

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រកាសកញ្ចប់ជំនួយបន្ថែមចំនួន ១,៥ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ដោយផ្តោតលើអាវុធការពារដែនអាកាស និងគ្រឿងបរិក្ខារអគ្គិសនី ដើម្បីទប់ទល់នឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Guardian។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ចប់ជំនួយថ្មីនេះផងដែរ ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលទស្សនកិច្ចភ្លាមៗដោយមិនបានប្រកាសមុន របស់លោក Merz ទៅកាន់ទីក្រុងគៀវ (Kyiv) ដើម្បីបង្ហាញពីការគាំទ្រចំពោះអ៊ុយក្រែន។ លោក Merz បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃទី៤ ខែតុលា នៅទីក្រុងគៀវថា៖ “កញ្ចប់ជំនួយដែលត្រូវការជាចាំបាច់នេះ នឹងជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនយ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់”។

គួរឲ្យដឹងផងដែរថាកញ្ចប់នេះរួមមានជំនួយយោធាចំនួន ១ពាន់លានអឺរ៉ូ (១,១៣ពាន់លានដុល្លារ) រួមទាំងថវិកាផ្សេងទៀតសម្រាប់ផលិតដ្រូនស្ទាក់ចាប់ (interceptor UAVs) ដែលមានសមត្ថភាពទប់ទល់នឹងអាវុធយន្តហោះចម្បាំងរបស់រុស្ស៊ី។ ប្រទេសអាល្លឺម៉ង់ក៏នឹងផ្គត់ផ្គង់មីស៊ីលរាប់ពាន់គ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស IRIS-T ដែលផលិតក្នុងស្រុករបស់ខ្លួន ព្រមទាំងប្រគល់ប្រព័ន្ធបាញ់មីស៊ីល IRIS-T បន្ថែមទៀតទៅឱ្យអ៊ុយក្រែនផងដែរ។

លើសពីនេះ អធិការបតីអាល្លឺម៉ង់ក៏បានប្រកាសពីជំនួយផ្នែកថាមពលប្រមាណ ៣៥០លានអឺរ៉ូ (៣៩៤លានដុល្លារ) សម្រាប់អ៊ុយក្រែនផងដែរ ដោយផ្តោតលើម៉ាស៊ីនភ្លើង និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតដោយសារការវាយប្រហាររបស់រុស្ស៊ី។

ជម្រាបជូនថា អាល្លឺម៉ង់គឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែន។ កាលពីសប្តាហ៍មុន អធិការបតី Merz ក៏បានអំពាវនាវឱ្យមានឯកភាពគ្នានៅក្នុងអង្គការ NATO អឺរ៉ុប និងនៅក្នុងប្រទេសរបស់លោក ចំពេលមានការកើនឡើងនៃឥទ្ធិពលគណបក្សស្តាំនិយមជ្រុល AfD ដែលស្និទ្ធនឹងប្រទេសរុស្ស៊ី បន្ទាប់ពីការបោះឆ្នោតនៅតាមរដ្ឋនីមួយៗផងដែរ៕​