Siam Amazing Park ដែលជាសួនកម្សាន្ត និងសួនទឹកដ៏ល្បីល្បាញដែលមានអាយុកាល ៤៦ឆ្នាំ នៅក្នុងទីក្រុងបាងកក ត្រូវបានម្ចាស់ប្រកាសលក់ក្នុងតម្លៃ ១០ពាន់លានបាត (ឬស្មើប្រមាណ ៣០០លានដុល្លារអាមេរិក) បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

លោក Chaiwat Luangamornlert ដែលជាស្ថាបនិក និងជាប្រតិបត្តិរបស់ Siam Amazing Park បានថ្លែងថា លោកសុខចិត្តលក់អាជីវកម្មមួយនេះចោល ប្រសិនបើមានអ្នកចាប់អារម្មណ៍ទិញ និងបន្តការគ្រប់គ្រង។
គួរឲ្យដឹងថាសួនកម្សាន្តដ៏ធំបំផុតមួយនេះត្រូវបង្ខំចិត្តបិទទ្វាររយៈពេលប្រហែល ៦ខែ ចាប់តាំងពីថ្ងៃទី២៦ ខែកញ្ញា មក ក្រោយពេលទឹកជំនន់បានលិចលង់តំបន់សួនទឹក និងកន្លែងលេងកម្សាន្តផ្សេងៗ នៅក្នុងសួនទាំងស្រុង។
យ៉ាងណាមិញ លោក Chaiwat បានចាត់ទុកគ្រោះទឹកជំនន់លើកនេះថាជាវិបត្តិដ៏ធំបំផុតក្នុងជីវិតរបស់លោក ដោយបានវាយតម្លៃការខូចខាតបឋមមិនតិចជាង ៥០០លានបាតនោះឡើយ។
ជម្រាបជូនថា ដោយបើកដំណើរការតាំងពីឆ្នាំ១៩៨០ Siam Amazing Park មានឧបករណ៍លេងកម្សាន្តជាង ៣០ ប្រភេទ។ កាលពីឆ្នាំមុន សួនកម្សាន្តនេះទទួលបានភ្ញៀវទេសចរប្រមាណ ៥០០ ០០០ នាក់ ប៉ុន្តែបន្ទាប់មកចំនួនអ្នកចូលទស្សនាបានធ្លាក់ចុះ ៤០% ទៅ ៥០% ក្នុងកំឡុង ៧ខែដំបូងនៃឆ្នាំនេះ៕

