ពីជនអន្តោប្រវេសន៍ លោកស្រី Lisa Su ក្លាយជា CEO ស្រីដំបូងបំផុត ដឹកនាំក្រុមហ៊ុនកើនតម្លៃទីផ្សារដល់ ១ទ្រីលានដុល្លារ

អន្តរជាតិ

លោកស្រី Lisa Su បានក្លាយជានាយកប្រតិបត្តិ (CEO) ស្រីដំបូងគេបង្អស់ ដែលបានដឹកនាំក្រុមហ៊ុនមួយឱ្យឆ្លងផុតតម្លៃមូលធនទីផ្សារ ១ទ្រីលានដុល្លារ បន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាមេរិក AMD បានឈានដល់សមិទ្ធផលនេះ ក្នុងអំឡុងពេលនៃការកើនឡើងភាគហ៊ុន ដោយសារវិស័យ AI។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន AMD ឈានដល់កម្រិតតម្លៃនេះជាលើកដំបូងកាលពីថ្ងៃទី២១ ខែកញ្ញា ដោយបានចូលរួមជាមួយក្រុមក្រុមហ៊ុនតូចៗមួយចំនួនផ្សេងទៀតដែលមានតម្លៃលើសពី ១ទ្រីលានដុល្លារ ខណៈពេលដែលវិនិយោគិនបានដាក់ការរំពឹងទុកកាន់តែខ្ពស់លើតួនាទីនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

មិនតែប៉ុណ្ណោះ សមិទ្ធផលនេះក៏ជាកំណត់ត្រាដំបូងបង្អស់សម្រាប់ស្ត្រីនៅក្នុងពិភពជំនួញផងដែរ។ ក្រុមហ៊ុនផ្សេងទៀតដែលបានឈានដល់តម្លៃលុយទ្រីលាន រួមមាន Apple, Microsoft, Alphabet, Amazon, Meta និង Nvidia ប៉ុន្តែ AMD គឺជាក្រុមហ៊ុនដំបូងគេដែលធ្វើបានសម្រេច ក្រោមការដឹកនាំរបស់ CEO ដែលជាស្ត្រី។

គួរឲ្យដឹងថា ការផ្លាស់ប្តូរស្ថានភាពក្រុមហ៊ុនឱ្យមានភាពរីកចម្រើនឡើងវិញនេះ បានធ្វើឱ្យលោកស្រី Su ក្លាយជានាយកប្រតិបត្តិស្ត្រីដំបូងគេនៃក្រុមហ៊ុនផលិតបន្ទះឈីប (semiconductor) ដ៏ធំមួយ ដែលមានទ្រព្យសម្បត្តិឡើងដល់កម្រិតមហាសេដ្ឋី ក្នុងឆ្នាំ២០២៤។ គិតត្រឹមថ្ងៃទី៤ ខែតុលា ទ្រព្យសម្បត្តិសរុបរបស់លោកស្រីត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣,៥ពាន់លានដុល្លារ ដែលភាគច្រើនបានពីការកាន់កាប់ភាគហ៊ុន AMD ផ្ទាល់។

ជម្រាបជូនថា លោកស្រី Su កើតនៅកោះតៃវ៉ាន់ ក្នុងឆ្នាំ១៩៦៩ ហើយបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយគ្រួសារនៅពេលលោកស្រីមានអាយុ ៣ឆ្នាំ។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនីពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) មុនពេលចូលបម្រើការងារនៅក្រុមហ៊ុន Texas Instruments, IBM និង Freescale Semiconductor ផងដែរ៕​