នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នាឱកាសបុណ្យភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែង។

នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា ស.ស.យ.ក សាលារាជធានីភ្នំពេញ និងសាច់ញាតិជនរងគ្រោះ បានរាប់បាត្រព្រះសង្ឃចំនួន ៤៧អង្គ ដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះដែលបាត់បងជីវិតនៅគុកទួលស្លែង និងនៅទូទាំងប្រទេស ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ) ដែលបញ្ចប់ទៅកាលពី ៤៧ឆ្នាំមុន និងវីរៈកងទ័ពដែលបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បួងសួងសូមឲ្យទេវតានិងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សា ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឱ្យជួបតែសេចក្ដីសុខ វឌ្ឍនភាព និង ពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញទស្សនកិច្ចស្វែងយល់អំពីស្លាកស្នាមប្រវត្តិសាស្ត្រ និងឯកសារដែលតម្កល់ទុកនៅបណ្ណសារដ្ឋានសារមន្ទីរទួលស្លែងផងដែរ។







