តម្លៃប្រេងឆៅ ស្រកចុះបន្តិចវិញ ចំពេលមានការបញ្ចេញប្រេងពីទុនបម្រុងរបស់ក្រុមប្រទេស G7

អន្តរជាតិ

តម្លៃប្រេងឆៅសកល បានធ្លាក់ចុះវិញគិតនៅត្រឹមថ្ងៃទី៦ ខែតុលា ដោយសារតែមានការនាំចេញប្រេងឆៅដ៏ច្រើនចេញពីតំបន់មជ្ឈិមបូព៌ា និងការបញ្ចេញប្រេងពីទុនបម្រុងរបស់ក្រុមប្រទេស G7 កាលពីពេលថ្មីៗនេះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៤សេន មកត្រឹម ១០០,២៨ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ WTI របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១១សេន ឬ ០,១% មកត្រឹម ៨៩,៣៣ដុល្លារក្នុងមួយបារ៉ែល។

យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនៃតម្លៃនេះ បានកើតឡើងបន្ទាប់ពីទិន្នន័យនៃការដឹកជញ្ជូនកាលពីថ្ងៃចន្ទបានបង្ហាញថា ការនាំចេញប្រេងឆៅពីមជ្ឈិមបូព៌ាបានកើនឡើងលើសកម្រិតមុនពេលមានសង្គ្រាម រយៈពេល ៤ថ្ងៃក្នុងអំឡុងសប្តាហ៍ចុងក្រោយនៃខែកញ្ញា ដែលនេះបង្ហាញពីភាពធន់នៃលំហូរប្រេងក្នុងតំបន់ ទោះបីជាមានការវាយប្រហារលើនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ក៏ដោយ។

លើសពីនេះ ប្រទេសក្នុងក្រុម G7 ក៏បានយល់ព្រម កាលពីថ្ងៃសុក្រ ក្នុងការបញ្ចេញប្រេងម៉ាស៊ូត និងប្រេងឆៅចំនួន ១០០ លានបារ៉ែលពីប្រេងបម្រុងបន្ទាន់របស់ពួកគេ ហើយបានសន្យាថានឹងចៀសវាងការដាក់កម្រិតលើការនាំចេញថាមពល បន្ទាប់ពីមានសម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ៕​